សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ...


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ សរុបចំនួន

១,២១៥ នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅទីតាំងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ 

យោងតាមរបាយការណ៍របស់ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា សមិទ្ធផល​ជា​ច្រើន ដែលខេត្តសម្រេចបាន គឺបានធ្វើឱ្យជីវភាព​ប្រជា​ពល​រដ្ឋ បានល្អប្រសើរ។ សេដ្ឋកិច្ចខេត្តតាកែវបានមកពីវិស័យធំៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម ៥៣%  វិស័យឧស្សាហកម្ម និងសំណង់ ៣១% និងវិស័យ​សេវាកម្ម១៦%។ តាកែវជាខេត្តប្រកបដោយសក្ដានុពលកសិកម្ម តំបន់ទេសចរណ៍សំខាន់ៗ និង​ជា​ខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្នខេត្តតាកែវ មានរោងចក្រ សហ​គ្រាស​ធំៗកំពុងធ្វើអាជីវកម្ម និងបន្តមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ទៀត។  

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ 

មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន  បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តតាកែវនេះសាជាថ្មី។ សម្តេចបន្តថា តាកែវគឺជាខេត្តទី៤ហើយ ដែលសម្ដេចបានកំណត់ជាគោលដៅក្នុងការចុះជួបមន្ត្រីរាជការតាមបណ្ដាខេត្តនានា បន្ទាប់ពីខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ស្ពឺ និងកំពុងឆ្ពោះទៅបណ្ដាខេត្តផ្សេងៗទៀត។ 

មានប្រសាសន៍ពីខេត្តតាកែវ នៅថ្ងៃនេះ សម្តេចតេជោបានរំលឹកពីប្រវត្តិសាស្ត្រនៃការដោះស្រាយវិបត្តិទឹកសង្គ្រោះស្រូវជូនប្រជាកសិករនៅ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កាលពីឆ្នាំ១៩៩៤ ដោយលើកឡើងពីទ្រឹស្តីដ៏ល្បីល្បាញថា «ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត»។សម្តេចបន្តថា នៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ប្រជាកសិករនៅឃុំពត់សរ និងតំបន់ជិតខាងបានជួបវិបត្តិខ្វះទឹកស្រោចស្រពស្រូវ ហើយសម្តេចបានចុះទៅអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវ។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាត្រូវច្រូតស្រូវក្នុងទឹក ក៏នៅតែប្រសើរជាងទុកឱ្យស្រូវងាប់ដោយសារខ្វះទឹក ព្រោះវានឹងមិនមានស្រូវសម្រាប់ប្រមូលផលសោះ។ 

សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តតាកែវទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ 


សម្តេចតេជោបានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ 

សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។


សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលមានក្នុងមូលដ្ឋាន។ គប្បីយកចិត្តទុកដាក់ចំពោះពួកគាត់ ជាក់ស្តែងកន្លងមក បានបញ្ចូលគ្នាជាសមាគមអតីតយុទ្ធជន និងនិវត្តជន គឺជាការផ្តល់ការយកចិត្តទុកដាក់លើជនស៊ីវិលចូលនិវត្តន៍ ជៀសវាងទុកពួកគាត់នៅក្នុងភាពឯកោ ហើយសម្តេចណែនាំផ្តល់ភាពកក់ក្តៅដល់ពួកគាត់ និងរៀបចំកម្មវិធីជួបជុំ ឱ្យតម្លៃលើមន្ត្រីជើងចាស់ ដែលធ្លាប់លះបង់លើការបម្រើការងារជូនជាតិនាពេលកន្លងមក។

សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។ នៅថ្ងៃនេះសម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តតាកែវត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។ 

ជា


ចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តតាកែវទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕


No comments:

Post a Comment

Pages