ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ក្នុងទិវា TVET ឆ្នាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា តំណាងអង្គទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគម សហជីព និងវិស័យឯកជន និងអ្នកពាក់ព័ន្ធប្រមាណ ១ ១០០នាក់។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ក្រសួងបរិស្ថាន បានចូលរួមរៀបចំស្តង់តាំងបង្ហាញនូវ រូបភាព វីដេអូសកម្មភាពការងារបរិស្ថាន សម្ភារបច្ចេកទេស សៀវភៅ ឯកសារនានា ដែលជាសមិទ្ធផល និងភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋានជំនាញ និងអង្គភាពចំណុះក្រសួងបរិស្ថាន និងដៃគូ ក្នុងការអនុវត្តភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដល់សិស្ស និស្សិត និងសាធារណជនដែលបានចូលរួមទស្សនា។














No comments:
Post a Comment