October 2021 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រក្រុមហ៊ុនវន្តសាលា ដែលជួយបណ្តុះបណ្តាលសមត្ថភាពជំនាញបច្ចេកវិទ្យា ដល់មន្រ្តីរាជការក្រសួងព័ត៌មាន

KKKចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធបានគាំទ្រក្រុមហ៊ុនវន្តសាលាដែលជួយបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តី រាជការក្រសួង ព័ត៌មាន ដើម្បីជួយលើកកម្ពស់សមត្ថភាពមន្ត្រីឲ្យកាន់តែរឹងមាំលើផ្នែកបច្ចេកវិទ្យា។ 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងនូវភាពរីករាយដែលក្រុមហ៊ុនវន្តសាលា មានឆន្ទៈចង់ជួយបង្រៀនមន្ត្រី រាជការ ក្រសួងព័ត៌មាន តាមរយៈបើក«វគ្គបណ្តុះបណ្តាលធនធានមនុស្ស» ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តី រាជការក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំបើកដំណើរការវគ្គបណ្តុះបណ្តាលអាហារូបករណ៍អេបវន្តសាលា តាមប្រពន្ធ័អនឡាញ ដល់មន្រ្តីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នាសាលប្រជុំព្រះវិហារ ដើម្បីជួយ ពង្រឹងសមត្ថភាពដល់មន្រ្តី មួយចំនួនដែលចេះតែចំណេះទូទៅ ប៉ុន្តែផ្នែកបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ។ 

 ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ គឺមានការផ្លាស់ប្តូរប្រពន្ធ័ទូរទស្សន៍ ពីអានណាឡូក ទៅជា ប្រពន្ធ័ឌីជីថល ហើយមានប្រពន្ធ័ផ្សព្វផ្សាយជាច្រើនក៏ត្រូវប្រែប្តូរដែរ។

 ដូច្នេះការដែលក្រុមហ៊ុន វន្តសាលា ផ្តល់អាហារូបករណ៍ដល់ មន្រ្តីរាជការ នាឱកាសនេះ គឺជាទុនមួយដ៏ធំដល់ក្រសួងព័ត៌មាន ក្នុងការផ្តល់ចំណេះដឹង និងជំនាញ ដល់មន្រ្តីដែលកំពុងបំពេញកិច្ច ការងារប្រចាំថ្ងៃ។ 

 ទាក់ទងទៅនឹងសារសំខាន់ នៃការរៀបចំវគ្គបណ្តុះបណ្តាលអាហារូបករណ៍វន្តសាលានេះដែរ ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការនៃក្រសួងព័ត៌មាន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ធនធានមនុស្សនេះ គឺផ្តោតលើវិស័យព័ត៌មានវិទ្យា ជំនាញ ក្រាហ្វិក ឌីសាញ ជាជំនាញដែលក្រសួងស្ថាប័នកំពុងត្រូវការ ហើយស្របពេល រាជរដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍន៍លើវិស័យ ឌីជីថល ។ 

 «សារសំខាន់របស់អាហារូបករណ៍នេះ គឺបំពេញនូវតម្រូវការរបស់ក្រសួងព័ត៌មានច្រើន ដោយសារក្នុងនោះ មានបង្រៀនតាំងពី របៀបបច្ចេកវិទ្យាកាត់តរូបភាព កាត់តវីដេអូ ការធ្វើការរដ្ឋបាល សរសេរកូដ បង្កើតវេបសាយ ហើយនិងវិជ្ជាជីវៈផ្សេងទៀត ដែលមាន សារសំខាន់របស់ក្រសួងព័ត៌មានយើង»។ 

 តាមការបញ្ជាក់របស់ លោក គឹម សិរីវឌ្ឍ អគ្គនាយកក្រុមហ៊ុនវន្តសាលា បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាការចូលរួម អភិវឌ្ឍនិងផែនការណ៍គោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយសេដ្ឋកិច្ច ឌីធីថល ផងដែរ។

 វន្តសាលា គឺជា App ក្នុងប្រពន្ធ័ Digital ដែលអនុញ្ញាត្តឱ្យគ្រូបង្រៀន ក៏ដូចជាគ្រឹះស្ថានសិក្សា សិស្ស និស្សិត ចែករំលែកចំណេះដឹង ហើយស្វែងរកប្រាក់ ចំណូល តាមរយៈវីដេអូ ទាំងនោះ ។ 
App វន្តសាលា គឺឈរនៅចំណុច កណ្តាលរវាងគ្រូ និងសិស្ស មានន័យថា គ្រឹះស្ថានសិក្សា គ្រូ និងសិស្ស អាចចែករំលែកចំណេះដឹងអាចរៀបចំមុខវិជ្ជា សម្រាប់ផ្សព្វផ្សាយក្នុង App វន្តសាលាបាន ហើយផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យឃើញនូវមុខវិជ្ជាទាំងអស់នេះ ដែលមានភាពងាយស្រួលឲ្យសិស្ស និស្សិត អាចជ្រើសរើសយកមុខវិជ្ជាណាមួយ ដែលត្រូវ ជំនាញរបស់ខ្លួន ហើយអាចពង្រឹងចំណេះដឹងសម្រាប់ ការរៀននៅសកលវិទ្យាល័យ ក៏ដូចជា កំពុងបំពេញការងារលើមុខជំនាញខ្លួន ឯងបាន។ 

ការសិក្សាតាម App វន្តសាលា គឺបានគ្រប់ទីកន្លែង គ្រប់ពេលវេលា មានន័យថា សិស្ស និស្សិត គឺជាអ្នកគ្រប់គ្រងការសិក្សា ដោយខ្លួនឯង ដែលអាចកំណត់ពេលវេលា និងទីកន្លែងបាន៕

ដោយ៖ លោកស្រី ប៉ុង សុភាវី(ប្រភព:វិទ្យុជាតិកម្ពុជា)សម្រួលដោយ:ដារ៉ា


រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (A Sean Tourism Forum, ATF22)

KKKចំនួនអ្នកទស្សនា: Views

រសៀលថ្ងៃ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (A Sean Tourism Forum, ATF22) ដែលគ្រោងនឹងធ្វើចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។


កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ទីបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ទីបញ្ជាការជួរមុខ (គ.ជ.ស.ស.) នាយកដ្ឋាននគរបាលការពារព្រំដែនទឹក មន្ទីរ អង្គភាពពាក់ព័ន្ធ ។ 

  លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ ជូនគណៈប្រតិភូនៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ កំណាត់ផ្លូវជាតិលេខ៣ ទីតាំងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទីតាំងកន្លែងប្រជុំ និងកន្លែងទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងក្រុងព្រះសីហនុ និងតំបន់តារាសាគរ ខេត្តកោះកុងជាដើម ។ 

អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងពាក់ព័ន្ធ និងស្ថាប័ន នានា ត្រូវរៀបចំកម្លាំងបង្ការ មធ្យោបាយ និងវិធានការចាំបាច់នានា ដើម្បីអនុវត្តន៍ផែនការការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមការងាររៀបចំវេទិកា និងគណៈប្រតិភូចូលរួមកិច្ចប្រជុំ ឱ្យមានសុខសុវត្ថិភាព និងទទួលបានជោគជ័យ ។


 ជាមួយគ្នានេះ ក៏មានការរៀបចំយកសំណាកគណៈប្រតិភូ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ជាប្រចាំ និងការរៀបចំធ្វើចត្តាឡីស័ក ព្យាបាលសម្រាប់គណៈប្រតិភូ និងអ្នកពាក់ព័ន្ធផងដែរ ។


  លោក អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាកន្លែងរៀបចំកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (A Sean Tourism Forum, ATF22) ។ ដូច្នេះយើងត្រូវរៀបចំផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់គណៈប្រតិភូ មកពីប្រទេសអាស៊ានទាំង១០ និងឈានទៅបើកទេសចរណ៍ ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីការអាក់ខានកន្លងមកដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ  ។ 


លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រៀមរៀបចំប្រមូលផ្តុំកម្លាំង ដើម្បីអនុវត្តន៍វិធានការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅតាមទីតាំងនានា ដែលមានការពាក់ព័ន្ធក្នុងវេទិកាទេសចរណ៍អាស៊ាន ដែលគ្រោងនឹងប្រារព្ធធ្វើនាដើមឆ្នាំ២០២២ខាងមុខនេះ នៅខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី សម្រួល:ដារ៉ា

អ្នកទេសចរណ៍ បន្តចូលមកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ប្រមាណជាង ១២ពាន់នាក់ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ(បិណ្ឌធំ ) នេះ !

KKKចំនួនអ្នកទស្សនា: Views




សៀមរាប៖ ក្នុងស្ថានភាពបារម្ភផង ប្រុងប្រយ័ត្នខ្លួនផង ដោយសារការឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ ក៏ប៉ុន្ដែរមណីយដ្ឋានខេត្ដទេសចរណ៍នានា រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ មួយចំនួនទទួលបានអ្នកទេសចរណ៍ ដែលមានការចាប់អារម្មណ៍ និងចង់ទស្សនាកម្សាន្ត ជាពិសេសនៅថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងសាសនាធំៗ មានយ៉ាងច្រើនកុះករ ជាក់ស្ដែងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ លោក ង៉ូវ សេងកាក់ បានអះអាងថា នៅថ្ងៃបុណ្យបិណ្ឌធំនេះ មានអ្នកទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិ បន្តចូលមកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ប្រមាណជា ១២,០៩៦នាក់។ ក្នុងនោះ ធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារទៅកាន់ ៖  រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៧,០០០ នាក់ - រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ២,៨០០ នាក់ - សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ២,២០០ នាក់ សរុបភ្ញៀវជាតិ ១២ពាន់នាក់ ដោយឡែក ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៩៦នាក់ ។

របាយការណ៍បានបន្ថែមថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលបើកអោយអ្នកទេសចរណ៍ដើរទៅកំសាន្ដតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋាននានាក្នុងខេត្តនេះ មានភ្ញៀវទេសចរជាច្រើនពាន់នាក់ បានទៅទស្សនាជាហូរហែរ នៅក្នុងពិធីថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងសាសនាធំៗ។ល។ ប៉ុន្ដែយ៉ាងនេះក្ដី របាយការណ៍ បានបញ្ជាក់ថា ការដើរកំសាន្ដរបស់ភ្ញៀវទេសចរនោះ ដើរទស្សនាដោយមានការប្រុងប្រយ័ត្ន របៀបជាដើរបណ្ដុំគ្រួសារ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩ផងដែរ។ ជាមួយគ្នានេះ ការរៀបចំឱ្យចូលទស្សនាប្រាសាទអង្គរ និងរមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងក្រុមការងារបានរៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កំដៅ ស្គែនឃ្យូអរកូដ និងត្រូវលាងដៃនឹងទឹកអាលកុល និងតម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នាផងដែរ។

សូមបញ្ជាក់ជូនថា សម្រាប់រយ:ពេល ០២ថ្ងៃ គឺថ្ងៃទី០៥-០៦ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាក្នុងខេត្តសៀមរាប ដោយដើរកម្សាន្តក្នុងរមណីយដ្ឋាននានា-សហគមន៍អេកូទេសចរណ៍នានា សរុបប្រមាណជា ១៩,១៨២ នាក់ ក្នុងនោះ ៖  រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១២,០០០នាក់ - រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ៣,៧០០នាក់ - សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ៣,៣០០នាក់ សរុបភ្ញៀវជាតិប្រមាណ ១៩ពាន់នាក់ ដោយឡែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៨២នាក់ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ដារ៉ា



ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-អង្គការសហប្រជាជាតិ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១

KKKចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញចូល រួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-អង្គការសហប្រជា ជាតិ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ព្រមជាមួយរដ្ឋមន្រ្តីការបរ ទេសអាស៊ានផ្សេងទៀត នឹងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ។   សេចក្តីប្រកាសបញ្ជាក់ថា កិច្ចប្រជុំនេះនឹងពិនិត្យអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រ ជាជាតិ ពិសេសការអនុវត្តផែនការសកម្មភាពនៃសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃ គូគ្រប់ជ្រុងជ្រោយរវាងអា ស៊ាន និងអង្គការសហប្រជា ជាតិ ឆ្នាំ២០២១-២០២៥។ កិច្ចប្រជុំក៏នឹងផ្លាស់ប្តូរយោ បល់គ្នាផងដែរ អំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដោយពិចារណាទៅលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញក្រោយវិបត្តិជំងឺ រាតត្បាតនេះ។ ជាមួយគ្នានេះ ក៏នឹងមានការលើកឡើងផងដែរ អំពីបញ្ហាតំបន់ និងអន្តរ ជាតិ ដែលមានសារសំខាន់ចំពោះការថែរក្សាសន្តិភាពស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕ដោយ ៖ យី វិច្ឆិកា 

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋ កុំសប្បាយភ្លេចខ្លួន រហូតក្លាយជាទុក្ខ

KKKចំនួនអ្នកទស្សនា: Views



 ភ្នំពេញ: ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ 

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយ ឬក្រុមណាមួយនោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដទៃ ដែលនឹងបង្កជាទុក្ខនៅក្នុងសហគមន៍ ដែលបុគ្គលនោះរស់នៅក្រោយពេលបុណ្យភ្ជុំបិណ្ឌ ហើយដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតមនុស្សជាទីស្រឡាញ់របស់ខ្លួន។

លោកជំទាវ បានក្រើនរម្លឹកដូច្នេះ បន្ទាប់ពីមានការដើរកម្សាន្តយ៉ាងច្រើនកុះករទៅកាន់រមណីយដ្ឋាននានា របស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ដោយលោកជំទាវសង្កត់ធ្ងន់ថា ៖ “ក្រោយពីខ្ញុំបានឃើញរូបភាពដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រើនកុះករពេក ហើយមិនមានអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានត្រឹមត្រូវ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រើនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួក “ដែលតា” កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ដូចនេះហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមានះចង់ចូលទៅលេងទឹក ឬកម្សាន្តបែបយុវវ័យជុំៗគ្នាច្រើន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច”។

លោកជំទាវ បានបន្ថែមថា បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រើន ឬនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រើន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្ត វិធានការការពារខ្លួន នេះឯង។ តាមរូបភាពដែលលោកជំទាវ បានឃើញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ។ ជាការពិតហើយដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែមិនត្រូវឱ្យការសប្បាយរបស់ខ្លួនក្លាយជាការកើតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ត្រូវចងចាំថា “ ជីវិតយើងមានតែមួយគត់ បើស្លាប់បាត់ទៅ តើការសប្បាយ តែមួយភ្លែត ឬមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ? ហើយយើងអាចនៅមានពេល និងទីកន្លែងច្រើនទៀត ដើម្បីស្វែងទៅរកការកម្សាន្តសប្បាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដែលយើងអាចរៀនរស់នៅ បានយូរអង្វែង ជាមួយនឹងការវិវត្តនៃវីរុសបំប្លែងកូវីដ-១៩។

តាមរយៈការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកម្សាន្តសប្បាយរបស់យើង ចាំបាច់ត្រូវធ្វើតាមបែប "សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” នោះទើបយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។

ជាថ្មីម្តងទៀត លោកជំទាវ បានរម្លឹកថា ៖ “ទោះជាបុគ្គល និងក្រុមគ្រួសារ ដើរកម្សាន្តនៅទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្ត “៣ការពារ និង៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ត្រូវរួមគ្នាបញ្ចៀសឱ្យបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចជាតិ និងត្រូវចេះជួយដាស់តឿនគ្នា រម្លឹកគ្នាទៅវិញទៅមក ក្នុងពេលដើរកម្សាន្ត នូវក្បួនការពារខាងលើនេះ ជាចាំបាច់ ដើម្បីសេចក្តីសុខ និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហើយមិនត្រូវនាំវីរុសកូវីដ-១៩ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡើយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា៕ ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ dara

សហគ្រាសមួយកន្លែងក្នុងរាជធានីភ្នំពេញ ប្រមូលទិញសំរាមនិងកាកសំណល់សរីរាង្គ៣០តោនក្នុងមួយថ្ងៃ ដើម្បីយកទៅច្នៃធ្វើជាជីកំប៉ុស្តធម្មជាតិ

KKKចំនួនអ្នកទស្សនា: Views

MC ៖ សហគ្រាសមួយកន្លែងក្នុងរាជធានីភ្នំពេញបានប្រមូលទិញសំរាមនិងកាកសំណល់សរីរាង្គ៣០តោនក្នុងមួយថ្ងៃ ដើម្បីយកទៅច្នៃធ្វើជាជីកំប៉ុស្តធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ លោក គីម នីដូ ជាស្ថាបនិកកែច្នៃសំរាមទៅជាជីកំប៉ុស្ត ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានសិក្សាស្វែងយល់ពីបច្ចេកទេសក្នុងការកែច្នៃសំរាម និងកាកសំណល់សរីរាង្គនេះរយៈពេលជាង៧ឆ្នាំមកហើយ ដើម្បីជួយដល់បរិស្ថានតាមរយៈផលិតជាជីកំប៉ុស្តដែលសម្រួលដល់ការកាត់បន្ថយចំណាយ របស់ប្រជាកសិករដែលដាំដុះដំណាំ គ្រប់ប្រភេទ។ ក្រៅពីនេះ ក្នុងគោលបំណងចូលរួមចំណែកលុបបំបាត់កាកសំណល់ផ្សេងៗ នៅក្នុងប្រទេសផងដែរ។ លោកបានបន្តថា ក្នុងមួយថ្ងៃលោកប្រមូលសំរាម ឬកាកសំណល់សរីរាង្គផ្សេងៗប្រមាណជា៣០តោន ដើម្បីយកមកបំប្លែងធ្វើជាជីធម្មជាតិ សម្រាប់កាត់បន្ថយការចំណាយរបស់ប្រជាកសិករ ជាអ្នកដាំដុះដំណាំផ្លែឈើគ្រប់ប្រភេទ។ លោកបានបញ្ជាក់ថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបរិស្ថាន ការកែច្នៃ កាកសំណល់ផ្សេងៗទៅជាជីកំប៉ុស្ត ជាពិសេសដោយនៅពេលបច្ចុប្បន្ននេះ មានកំណើនប្រជាកសិករជាច្រើន មានការចំណាយខ្ពស់លើការ ប្រើប្រាស់ជីគីមី និងដោយសារមានទឹកចិត្តស្រឡាញ់ជាតិផងនោះ ទើបលោកបានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និង ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា ។។ សំឡេង« ទីមួយអ្វីដែលខ្ញុំគិតគឺខ្ញុំស្រឡាញ់បរិស្ថាន និងចង់លើកស្ទួយវិស័យកសិកម្ម ដោយសារតែខ្ញុំទៅស្រុកគេ ប៉ុន្តែស្រុកគេមិនមែន ជាប្រទេសកសិកម្មផង ក៏ប៉ុន្តែគេអាចធ្វើជាជីកំប៉ុស្តបាន ជាគំនរធំៗដូចជាភ្នំអញ្ចឹង ចឹងស្រុកខ្មែរយើងក៏ជាប្រទេសកសិកម្មមួយដ៏ធំដែល សម្បូរវត្ថុធាតុដើមច្រើន ហើយខ្ញុំឃើញកាកសំណល់ទាំងអស់រាយពាសពេញតាមផ្លូវ និងតាមផ្សារ ដូច្នេះខ្ញុំគិតថានេះគឺជាលុយ ចឹងខ្ញុំចង់ ឲ្យប្រជាកសិករយើងចំណាយតិចលើការប្រើប្រាស់ជីធម្មជាតិ»។ លោកបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋយើងទាំងអស់ សូមជួយបែងចែកសំរាមឲ្យដាច់ដោយឡែកពីគ្នា ដូចដែលរាជរដ្ឋាភិបាល បាន ជម្រាបជូនជាដំណឹង និងជាពិសេសសូមបងប្អូនប្រជាកសិករទាំងអស់ ជួយគាំទ្រនូវផលិតផលដែលខ្មែរយើងផលិតបាន ដើម្បីយកមក ប្រើប្រាស់ក្នុងការដាំដុះដែលធ្វើឱ្យដំណាំរីកលូតលាស់ល្អ និងទទួលទិន្នផលច្រើន។ សូមបញ្ជាក់ថា សហគ្រាស ធ្វីនអាគ្រីតិច បានបង្កើតឡើងនៅឆ្នាំ២០១៣ ដែលបច្ចុប្បន្នមានសមាជិកចំនួន៥នាក់។ក្រុមហ៊ុននេះបាន លក់ជីកំប៉ុស្តដែលផលិតបាននោះតម្លៃ ១២៥ដុល្លារក្នុង១តោន និងជីកំប៉ុស្តអាចម៍ជន្លេនតម្លៃ១៥៥ដុល្លារក្នុង១តោន ៕

វិទ្យុ ៖ កញ្ញា ម៉ៅ សុខរីម ០៦,១០,២០២១


ទេសរដ្ឋមន្ដ្រី ឆាយ ថន ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេសដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពី ខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕

ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ កំពុងដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យស្រូវរីកលូតលាស់និងទទួលបានទិន្នផលច្រើន

KKKចំនួនអ្នកទស្សនា: Views

MC : សមាគមកសិកម្មឈ្លាសវៃ បានឲ្យដឹងថា ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ កំពុងដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យស្រូវ រីកលូតលាស់និងទទួលបានទិន្នផលច្រើន ខណៈឧបករណ៍នេះក៏មានតួនាទីជាឧបករណ៍បាចជីយ៉ាងងាយស្រួល ក្នុងដំណាក់កាលស្រូវ កំពុងលូតលាស់ ដែលជួយសម្រាលកម្លាំងពលកម្មរបស់ប្រជាកសិករនិងកាត់បន្ថយការចំណាយច្រើន។  លោក សាន ប៊ុនីកា ប្រធានសមាគមកសិកម្មឈ្លាសវៃ បានប្រាប់វិទ្យុជាតិកម្ពុជាថា ដោយទទួលបានការគាំទ្រពីស្ថាប័នពាក់ព័ន្ធ សមាគម កសិកម្មឈ្លាសវៃ បានកែច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរចំនួន៣ប្រភេទ ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ គឺអង្គរ អង្គរតូច និងអង្គរធំ សម្រាប់បំពេញតម្រូវការរបស់កសិករ ក្នុងការសាបព្រួសគ្រាប់ស្រូវជាជួរ ពិសេសបម្រើដល់វិស័យកសិកម្មឲ្យកាន់តែទំនើប ជឿនលឿនពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្តថា ក្រៅពីការសាបព្រួសគ្រាប់ស្រូវជាជួរ ឧបករណ៍នេះ មានមុខងារច្រើនយ៉ាង ដូចជា សាបព្រួសគ្រាប់បន្លែគ្រប់ប្រភេទ ជាឧបករណ៍បាចជីទៅលើស្រូវតាមបរិមាណដែលកសិករចង់បាន ដែលជាជំនួសកម្លាំងពលកម្មមនុស្ស បានច្រើនធ្វើឲ្យដំណាំលូតលាស់ល្អ ។ « ឧបករណ៍ព្រួសស្រូវជាជួរយើងអាចដាំជាសណ្ដែកខៀវនឹងសណ្តែកសៀងបានជួបហើយឧបករណ៍នេះអាចបាញ់ជីបានទៀត មិនត្រឹមតែព្រួសស្រូវទេ។ ហើយអាចបាចជីទៅលើស្រូវក្នុងស្រែបានទៀតក្នុងបរិមាណមួយដែលយើងចង់បានគ្រប់គ្រាន់ នឹងស្មើគ្នា ទៀត»។ លោកបានបន្តថា ឧបករណ៍នេះ ប្រើប្រាស់ជាមធ្យមរយៈពេល១ម៉ោង ក្នុង១ហិកតា ដែលត្រូវ ការកម្លាំងមនុស្សពី១នាក់ទៅ២នាក់ប៉ុណ្ណោះ ហើយអាចភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី ។ លោកបានបន្ថែមថា អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពុងសហការជាមួយសមាគម កសិកម្មឈ្លាសវៃ បានផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ឧបករណ៍នេះ កាន់តែទូលំ ទូលាយ ខណៈដែលកាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឧបករណ៍នេះ ជូនដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ក្នុងខេត្តមួយចំនួន ដូចជា៖ ខេត្តតាកែវចំនួន១៣០គ្រឿង ខេត្តបាត់ដំបងចំនួន៥០គ្រឿង , ខេត្តពោធិ៍សាត់ចំនួន ៥០គ្រឿង និងខេត្តបន្ទាយមានជ័យចំនួន៥០គ្រឿង ។ សូមបញ្ជាក់ថា សមាគមកសិកម្មឈ្លាសវៃ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កើតឡើងនៅ ក្នុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា−អូស្ត្រាលី ហៅកាត់ថា CAVAC ៕

វិទ្យុជាតិកម្ពុជា ៖ ហាន់ស្រីណា០៦.១០.២១


អាជ្ញាធរខេត្តក្រចេះពង្រឹងវិធានសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

KKKចំនួនអ្នកទស្សនា: Views


MC ៖ អាជ្ញាធរខេត្តក្រចេះ បានពង្រឹងវិធានសុវត្ថិភាពនៅគ្រប់ទីតាំងសេវាកម្មទេសចរណ៍ទាំងអស់ទូទាំងខេត្ត ដើម្បីធានា សុវត្ថិភាពជូនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ជាពិសេសដើម្បីរួមគ្នាទប់ស្កាត់ការចម្លងបន្តនៃមេរោគកូវីដ-១៩ ។  លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ មានប្រសាសន៍ថា គ្រប់ទីតាំងទេសចរណ៍នៅទូទាំងខេត្តបានអនុវត្ត«ស្តង់ដារ ប្រតិបត្តិអប្បបរមា (SOP)តាមគន្លងប្រក្រតីភាពថ្មី» តាមការណែនាំរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីធានា សុវត្ថិភាពពីការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីជួយជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែខ្លាំងឡើង ។ លោកបន្តថា ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ខេត្តក្រចេះ គឺតម្រូវឱ្យកត់ត្រានូវអាសយដ្ឋាន និងលេខទូរស័ព្ទ សម្រាប់ទំនាក់ទនង ការប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ-១៩ និងតម្រូវឱ្យភ្ញៀវ ធ្វើការស្កែនជាដាច់ខាត មុនចូលទៅក្នុង កន្លែងលេងកម្សាន្ត។ បន្ថែមពីនេះទៀត ភ្ញៀវទាំងអស់ត្រូវពាក់ម៉ាស់ បាញ់អាល់កុលឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។ លោកបន្តថា ការពង្រឹងវិធានការសុវត្ថិភាពនេះ ដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ អាចមកលេងកម្សាន្តនៅទីនេះ មានភាពកក់ក្តៅប្រកប ដោយភាពសប្បាយរីករាយ មិនបារម្ភពីការឆ្លងជំងឺកូវីដ១៩។ « សម្រាប់មន្ទីរទេសចរណ៍ខេត្តក្រចេះគឺធ្វើការដោយឡែកត្រង់ថា ចុះអនុវត្តសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជា របស់រដ្ឋបាលខេត្ត ដល់ម្ចាស់អាជីវកម្ម សេវាកម្មស្នាក់នៅ សេវាកម្មហូបចុកតាមសហគមន៍ រមណីយដ្ឋាន ឱ្យអនុវត្តនូវវិធានការ ៣កុំ និង ៣ការពារ ហើយនិងការអនុវត្តន៍នូវស្តង់ដារអប្បបរមា SOP សុវត្ថិភាពទេសចរណ៍របស់សេវាកម្មទាំងអស់នោះ ដូច្នេះតាមរយៈយន្តការ សកម្មភាពនេះ វាអាចបានអាចពញ្ញាក់ស្មារតី និងទប់ស្កាត់បាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងរង្វង់វិស័យទេសចរណ៍ ទាំង ប្រតិបត្តិករទេសចរណ៍ ទាំងម្ចាស់អាជីវកម្ម ទាំងភ្ញៀវទេសចរ ដែលចូលមកស្នាក់នៅឬក៏មកកម្សាន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ » ។ លោកបានបន្ថែមទៀតថា ប្រសិនបើក្នុងរដូវភ្ជុំបិណ្ឌនេះ គ្រប់ភាគីពាក់ព័ន្ធអនុវត្តនូវនីតិវិធីប្រត្តិបត្តិតាមស្តង់ដារអប្បបរមា SOP បានល្អ នោះចលនាទេសចរណ៍ផ្ទៃក្នុងនឹងងើបឡើងវិញល្អ ដែលនេះក៏ជាបុរេលក្ខណៈសម្រាប់ការត្រៀមបើកទទួលទេសចរណ៍អន្តរជាតិ ដែលបាន ចាក់វ៉ាក់សាំង នាពេលឆាប់ៗខាងមុខនេះផងដែរ ៕

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៦.១០.២០២១


ភ្នំឱរ៉ាល់នៅតែជាតំបន់ដែលអ្នកទេសចរបែបផ្សងព្រេងពេញនិយមទៅកម្សាន្ត

KKKចំនួនអ្នកទស្សនា: Views

 


MC : ខ្នងភ្នំឱរ៉ាល់នៃខេត្តកំពង់ស្ពឺ នៅតែជាតំបន់ដែលក្រុមអ្នកទេសចរបែបផ្សងព្រេងពេញនិយមទៅកម្សាន្ត ឡើងភ្នំបោះតង់ មិនចេះដាច់ ដោយសារទីនោះមានធម្មជាតិជីវៈចម្រុះដើមឈើធំៗក្រាស់ៗជាច្រើនប្រភេទ រួមជាមួយនឹងជ្រលងភ្នំខ្វាត់ខ្វែង ដែលបង្អួត សម្រស់ដ៏ស្រស់ស្អាតនារដូវវស្សានេះ។  លោក រស់ សុខ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា តំបន់ទេសចរណ៍ផ្សងព្រេងល្បីៗ ប្រចាំខេត្ត កំពង់ស្ពឺនេះរួមមាន ខ្នងភ្នំឪរ៉ាល់ ខ្នងភ្នំផ្សារនិងខ្នងភ្នំ៧០០ ដែលជាតំបន់សម្បូរទៅព្រៃឈើក្រាស់ៗ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរជាច្រើនបានទៅលេងកម្សាន្តរៀងរាល់សប្តាហ៍ ជាពិសេសគឺក្រុមយុវជន ខណៈដែលដូវវស្សាឈាន ចូលមកដល់ ធ្វើឲ្យធម្មជាតិកាន់តែស្រស់ត្រកាល ធ្វើឲ្យយុវជនគ្រប់មជ្ឈដ្ឋានកាន់តែចង់ស្វែងយល់ពីតម្លៃធម្មជាតិ។ «យើងដឹងស្រាប់ហើយនៅក្នុងប្រទេសយើង ភ្នំដែលខ្ពស់ជាងគេ គឺភ្នំឪរ៉ាល់នេះហើយ ភ្ញៀវគាត់ចង់ទៅ គាត់ចង់ទៅលម្ហែ ជាមួយនឹងធម្មជាតិហើយគាត់ចង់ដឹងកើតឡើងភ្នំនេះ ហើយទេសភាពនៅទីនោះ ដូចយើងដឹងស្រាប់ហើយ គឺធម្មជាតិស្រស់ស្អាត ខ្យល់បរិសុទ្ធហើយភ្ញៀវក៏សម្រុកទៅហ្នឹង ហើយទី២ទៀតគាត់សំដៅទៅកន្លែងដែលយន្តហោះធ្លាក់ តាំងពីយូរណាស់មកហើយ នៅតំបន់នោះហើយគាត់ចង់ទៅស្រាវជ្រាវខ្លះៗពីប្រវតិ្តយន្តហោះនោះ»។ លោក ឆា លី ដែលបានធ្វើដំណើរកម្សាន្តទៅតំបន់ទាំងនោះ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងដែរថា សម្រាប់ការធ្វើដំណើរផ្សេងព្រេង នៅខ្នងភ្នំឪរ៉ាល់នេះ លោកទទួលបានទាំងអារម្មណ៍សប្បាយរីករាយ រំសាយអស់នូវទុកកង្វល់ផ្សេងៗ ជាពិសេសទទួលបានបទពិសោធន៍ ថ្មីៗសម្រាប់ជីវិតទាក់ទងនឹងការសម្របខ្លួនរស់នៅជាមួយធម្មជាតិដែលទទួលយកភាពម្ចាស់ការ និងការងារជាក្រុម» ។ សំឡេង៖«មូលហេតុដែលខ្ញុំជ្រើសរើសយកភ្នំឪរ៉ាល់ជាដំណើរផ្សងព្រេងព្រោះភ្នំឪរ៉ាល់ជាភ្នំដែលខ្ពស់ជាងគេនៅស្រុកខ្មែរហើយខ្ញុំចង់មើលបទពិសោធន៍ដើរឡើងភ្នំនោះហើយខ្ញុំឮគេថាឡើងភ្នំហ្នឹងខ្ពស់ហើយពិបាកហើយ ខ្ញុំចង់ស្វែងយល់ការឡើងភ្នំថ្មី ហើយពិបាក ពិសេសភ្នំនោះ គឺទេសភាពស្អាតមែនទែន»។ លោកបានបន្ថែមថា ការធ្វើដំណើរផ្សងព្រេងនៅតាមព្រៃភ្នំ យើងត្រូវត្រៀមសម្ភារចាំចាច់និងគ្រឿងបរិភោគផ្សេងៗដូចជា ត្រីខ មី កាហ្វេ តង់ស្នាក់ អង្រឹង ពិសេសថ្នាំសង្គ្រោះបឋមដូចជា ថ្នាំបញ្ចុះកម្ដៅ ថ្នាំបាត់ឈឺពោះ ប្រេងខ្យល់ ប្រេងកូឡាជាដើម។ល។ សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជាច្រើនកន្លែង ដែលទាក់ទាញអ្នកទេសចរ ទៅលេងកម្សាន្ត មិនចេះដាច់៕

វិទ្យុជាតិកម្ពុជា ៖ ហាន់ស្រីណា០៦.១០.២១


លោកជំទាវឱ វណ្ណឌី អញ្ជើញចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី​សម្រាប់អាស៊ានឌីជីថលសុខភាពសាធារណ​: ក្រោមប្រធានបទ​ “សហការដើម្បីសុខភាព​ និងក្តីរីករាយកាន់តែប្រសើរឡើងនៅលើសាកលលោកក្រោយពីការរាតត្បាតជំងឺ”

KKKចំនួនអ្នកទស្សនា: Views


លោកជំទាវវេជ្ជ បណ្ឌិត ឱ​ វណ្ណឌីន​ រដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល,​ ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩),​ ប្រធានអនុ គណ:កម្មការអប់រំ បណ្តុះ បណ្តាល និងទំនាក់ទំនងសាធារណ:​ និងជាអ្នកនាំពាក្យនៃគណ:កម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩​ តតំណាងឯកឧត្តមសាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង សុខាភិបាល និងជាប្រធានគណ:កម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩​ បានដឹកនាំគណប្រតិភូចូលរួមកិច្ច ប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសម្រាប់អាស៊ានឌីជីថលសុខភាពសាធារណ​: ក្រោមប្រធានបទ​ “សហការដើម្បីសុខភាព​ និងក្តីរីករាយកាន់តែប្រសើរឡើងនៅលើសាកល លោកក្រោយពីការរាតត្បាតជំងឺ” ពីថ្ងៃទី៦​ ដល់ទី៧​ ខែ តុលា ឆ្នាំ២០២១។

 នៅក្នុងកិច្ចប្រជុំពិសេសនេះ​ លោកជំទាវរដ្ឋលេខាធិការ​ ឱ​ វណ្ណឌីន​ ត្រូវបានជ្រើសរើសធ្វើជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនជាច្រើនទៀត នៅក្នុងរបៀបវារ:​ ពិភាក្សាជជែកវែកញែកអំពីបទពិសោធន៍​ និងផលប៉ះពាល់សុខភាពនិងសេដ្ឋកិច្ច​ ព្រមទាំងបញ្ហាប្រឈមដែលជួបប្រទះក្នុងអំ ឡុងពេលអន្តរាគមន៍ឆ្លើយ តបទៅនឹងការរាតត្បាត នៃជំងឺកូវីដ-១៩​ ក្នុងតំបន់​ ជាពិសេសនៅក្នុងប្រទេស។ ក្នុងពេលផ្តល់បទអន្តរាគមន៍ឆ្លើយតបទៅនឹងសំណួរ​ លោកជំទាវរដ្ឋលេខាធិការ ឱ​ វណ្ណឌីន​ បានបញ្ជាក់ពីសារសំ ខាន់បំផុតដែលមិនអាចខ្វះបាននូវភាពដឹកនាំដ៏ខ្លាំង​ ចំទិសដៅ​ រហ័សរហួន​ និងវៃឆ្លាត​របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការឆ្លើយតប​ ដាក់ចេញវិធានការបត់បែន​ សំដៅគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩​ នៅកម្ពុជា​ ជាពិសេសលោកជំទាវ​ បានលើកបង្ហាញពីភាពជោគ ជ័យរបស់កម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយចាក់វ៉ាក់ សាំងកូវីដ-១៩ នៅទូទាំងប្រទេស​ និងលទ្ធផលសម្រេចបានលើកិច្ចការដ៏សំខាន់នេះ​ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។


 ការគ្រប់គ្រងការងារ​ និងទិន្នន័យតាមប្រព័ន្ធឌីជី ថល ក៏ត្រូវបានលើកឡើងជាបែបបទពិសោធន៍មួយផ្នែករបស់កម្ពុជា​ ទន្ទឹមនឹងការបញ្ជាក់របស់លោកជំទាវជូនអង្គប្រជុំដែរថា​ ការដឹកនាំខ្លាំង​ និងដាក់ចេញយន្តការត្រឹមត្រូវ​ ព្រមទាំងការវិនិយោគលើវិស័យសុខភាពសាធារណ: នេះ​ និងការពង្រឹងប្រព័ន្ធសុខា ភិបាលនៃប្រទេសសមាជិកអាស៊ាន មិនត្រូវមើលរំលងឡើយនៅក្នុងផែនការត្រៀមលក្ខណ:​តទៅមុខទៀត​ សម្រាប់ឆ្លើយតបការរាតត្បាតនាពេលខាងមុខ​ ហើយយើងត្រូវរៀនរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទដែលវីរុសកូវីដ-១៩​ វិវត្តន៍បំប្លែងខ្លួន ដោយយើងមិនអាចនឹងសម្លាប់បានអស់នោះឡើយ ដោ​យ“យើងមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩​ ហើយយើងត្រូវត្រួតត្រាកូវីដ-១៩​ ជាជាងទុកឱ្យកូវីដ-១៩​ ត្រួត ត្រាជីវិតរស់នៅប្រចាំថ្ងៃរបស់យើង“​ ឡើយ។ ដូច្នេះ​ ការរៀនរស់នៅ​ជាមួយនឹងការបន្តកិច្ច ការពារការចម្លងរោគ ជាប្រធានបទសម្រាប់យើងយកទៅគិត និងរៀបចំខ្លួន​ ដោយត្រៀមលក្ខណ:ទុកជាមុន​ ជា មួយនឹងការវាយតម្លៃហានិ ភ័យ បន្ធូរបន្ថយវិធានការ​ និងជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន​ ប្រជាជនជាច្រើនទទួលបានវ៉ាក់សាំង និងបានគ្រប់ប្រទេសផងដែរ។


 ការធ្វើ ដំណើរ និងការទទួលស្គាល់នូវបណ្ណបញ្ជាក់ចាក់វ៉ាក់សាំងក្នុងបណ្តាប្រទេសអាស៊ាន​ ក៏ជាចំណុចលើកឡើងសម្រាប់ការយល់ដឹង​ផងដែរ។ ការសាមគ្គីភាពក្នុងប្រទេស​ ក្នុងតំបន់​ និងលើសាកលលោក​ ជាមួយនឹងកិច្ចសហប្រតិបត្តិការបែបពហុវិស័យ​ ជាជំហានដែលយើងគួរតែបោះទៅមុខ​ ដោយមិនត្រូវមានការបែង ចែកពិភពលោក មានការរើសអើង​ រួមទាំងវ៉ាក់សាំងផងដែរ។ កិច្ចសហការជាមួយដៃគូដូច ជាអង្គការសុខភាពពិភព លោក និងអង្គការផ្សេងៗ​ ជាតម្រូវការរួមគ្នាដើម្បីជួយគ្នាទៅវិញទៅមក វះកាត់​ និងឆ្លងកាត់ចេញពីប្រអប់កូវីដ- ១៩ ទាំងអស់គ្នា​ សំដៅឆ្ពោះទៅ​វត្ថុបំណង​របស់យើងទាំងអស់គ្នា​ គឺ “សហការដើម្បីសុខភាព​ និងក្តីរីករាយកាន់តែប្រសើរឡើងនៅលើសាកលលោកក្រោយពីការរាតត្បាតជំងឺ”។

 គោលបំណងនៃកិច្ចប្រជុំ​ គឺពិភាក្សាអំពីប្រធានបទផុសចេញពីឈុតឆាកនានានៅពីក្រោយការរាតត្បាតជំងឺ​ និងមេរៀនបទពិសោធន៍កើតចេញពីការរាតត្បាតជំងឺកូវីដ-១៩​ សំដៅឆ្ពោះទៅការវិនិយោគ​ និងផ្តល់ហិរញ្ញវត្ថុ ព្រមទាំងបង្កើនការយល់ដឹង​ និងរួមកិច្ចសហការសម្រាប់សុខភាពសាធារណ:។ Hi Md Isham bin Jaafar រដ្ឋមន្ត្រីសុខាភិបាលប្រុយណេ​ និងឯកឧត្តម​ Dato Lim Jack Hoi អគ្គលេខាធិការអាស៊ាន​ ដោយមានការចូល រួមពីឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីសុខាភិបាល​ រដ្ឋមន្ត្រីសេដ្ឋកិច្ច​ អាជ្ញាធរសុខភាពសាធារណ:នៅក្នុងអាស៊ាន​ ប្រទេសសមាជិកអាស៊ានទាំង១០​ វិទ្យាស្ថានសិក្សា​ និងស្រាវជ្រាវនៃបណ្តាប្រទេសអាស៊ាន​ អង្គការសុខភាពពិភពលោក ធនាគារពិភព លោក មូលនិធិ​Rockefeller មូលនិធិ​ Bill & Melinda Gates និងដៃគូពាក់ព័ន្ធ​ សរុបចំនួន​ ៣៣៨នាក់៕ វិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី៦​ ខែតុលា​ ឆ្នាំ ២០២១

 
kkk