June 2024 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

សហគ្រិនខ្មែរម្នាក់ ទទួលពានរង្វាន់ CHT International Awards 2024

KKKចំនួនអ្នកទស្សនា: Views

 



ជាមួយនឹងការតាំងចិត្តក្នុងការបង្កើតភាពច្នៃប្រឌិតទៅលើចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគដ៏រស់រវើក និងការចែករំលែកនូវគំនិតអាជីវកម្ម ផ្សំនិងកិច្ចសហការគ្នានៅក្នុងសហគមន៍ធុរកិច្ច និងវិនិយោគ រួមចំណែកដល់សង្គម និងមនុស្សជាតិ ព្រមទាំងជាអ្នកបង្កើតបរិយាកាសប្រកបដោយនិរន្តរភាពសម្រាប់អ្នកដឹកនាំនាពេលបច្ចុប្បន្ន និងដើម្បីណែនាំមនុស្សជំនាន់ក្រោយ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC ក្លាយជាជ័យលាភី ពីគណៈកម្មការ CHT International Awards 2024 ប្រភេទពានរង្វាន់ CHT International Outstanding Achievers Award 2024 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ ។

CHT International Awards 2024 គឺជាវេទិកាមួយបង្កើតឡើងនៅឆ្នាំ 2008 ហើយ ឆ្នាំ 2024 នេះ ជាលើកទី ១០ ដែលបានរៀបចំដោយទទួលស្គាល់ ថ្នាក់ដឹកនាំមានស្នាដៃល្អ និងស្ថាប័នពូកែៗដែលបានរីកចំរើនក្នុងវិស័យរបស់គេ និងបាននាំសមទ្ធផលសំខាន់ៗទៅដល់សង្គមជាតិរបស់គេ។ ជ័យលាភីគឺតំណាងឱ្យបុគ្គលដែលបានទៅដល់ចំណុចកំពូល នៃលទ្ធផលរបស់ជ័យលាភីនីមួយៗ។ CHT International Awards 2024 ដែលរៀបចំនៅឆ្នាំ2024 នេះមានការចូលជាធិបតី និងប្រគល់រង្វាន់ដោយស្តេច Sultan នៃ Selango ព្រមជាមួយការចូលរួមដោយថ្នាក់ដឹកនាំរដ្ឋ និងឯកជនពីបណ្តាប្រទេសផ្សេងៗជាង 400 នាក់។

លោក ហោ សេរីវឌ្ឍន៍ ត្រូវបានវាយតម្លៃដោយគណៈកម្មការយោងលើសមទ្ធផលរបស់លោកទាំងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, ព្រមជាមួយកិច្ចការជួយដល់សង្គមជាតិ។ លោកត្រូវបានទទួលថាជាអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មដែលមានបទពិសោធន៍ជោគជាំទ និងការកសាងបណ្ដាញវិនិយោគិន ក្នុង-ក្រៅប្រទេស ដែលបច្ចុប្បន្ន IDI ដែលលោកដឹកនាំបានក្លាយជាស្ថាប័នឯកជននាំមុខ នៃប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងកិច្ចការសង្គម លោក ហោ សេរីវឌ្ឍន៍ ក៏ជាអ្នកដឹកនាំជួយសង្គមដ៏ខ្លាំងក្លា ជាពិសេសគឺជាបុគ្គលឯកជនឈាននាំមុខគេលើកិច្ចការសដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងក្នុងអំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ ដែលលោកបានបង្កើតក្រុមការងារជាអ្នកសម្របសម្រួលប្រឹក្សាយោបល់ និងជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាប្រចាំថ្ងៃ ដោយសហការជាមួយក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស ក្រសួងសុខាភិបាល។ បន្ថែមលើនេះ លោកក៏ជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ដែលបានកៀគរជំនួយឧបត្ថម្ភជាកញ្ចប់គ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ជូនដល់ប្រជាពលរដ្ឋជាង មួយម៉ឺន ដែលមានការរួមពីសប្បុរសជនជាតិ និងអន្តរជាតិ ។

ទម្រាំបោះជំហានមកដល់ចំណុចនេះ បណ្ឌិត ហោ សេរីវឌ្ឍន៍ ត្រូវឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើន។ ក្នុងនាមជាឈាមខ្មែរតែមួយរូប បានទទួលពានរង្វាន់ CHT International Awards 2024 ដែលទទួលស្គាល់ការយកចិត្តទុកដាក់ និងជោគជ័យដ៏គួរឱ្យកត់សម្គាល់ និងរះចែងចាំង ក្នុងការគាំទ្រសហគមន៍ក្នុងស្រុក និងអន្តរជាតិ គឺជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល ហើយក៏រំពឹងទុកថា លោកនឹងពន្លេចចេញចក្ខុវិស័យថ្មីៗល្អៗជាច្រើនទៀត សម្រាប់សុទិដ្ឋិនិយមនៃខ្មែរជំនាន់នេះ និងជំនាន់ក្រោយ៕


ជីវប្រវត្តិខ្លីរបស់លោក ហោ សេរីវឌ្ឍន៍

លោក  ហោ  សេរីវឌ្ឍន៍ ជាប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន អាយឌី ឃែភីថល ម.ក។ លោកក៏ជាប្រធានសមាគមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL), សមាជិកក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ, សមាជិកគណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ទូទាំងប្រទេស, ប្រធាន និងជាស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩, សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាជាតិកម្ពុជា (NAB) និងមានតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុន និងសមាគមផ្សេងៗទៀតផងដែរ។ លោក ហោ សេរីវឌ្ឍន៍ ក៏អតីតមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា, មន្ត្រីអគ្គលេខាធិការដ្ឋានអាស៊ានទទួលបន្ទុកវិនិយោគ, អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាអតីត ប្រធានក្រុមអតីតនិស្សិតសាលា Lee Kuan Yew School of Public Policy នៅកម្ពុជាផងដែរ។ លោកជាអតីតសិស្សពូកែចូលរួមប្រឡងជម្រើសជាតិអក្សរសាស្ត្រខ្មែរនៅឆ្នាំ 1999 និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពាណិជ្ជកម្ម (BCOM), បរិញ្ញាប័ត្រជាន់ខ្ពស់រដ្ឋបាលពាណិជ្ជកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ (MPA) ពីសាកលវិទ្យាល័យជាតិសិង្ហបុរី សាលា Lee Kuan Yew School of Public Policy, និងទទួលបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ International Morality University នៃសហរដ្ឋអាមេរិក។ លោកធ្លាប់ទទួលបានពានរង្វាន់ពីស្ថាប័នអន្តរជាតិមួយចំនួន ដូចជា US-ASEAN Business Council ឆ្នាំ 2010 និង Distinguished Leadership Award នៅប៉ូឡូញផងដែរ ហើយពេលនេះលោកទទួលបាន CHT International Outstanding Achievers Award 2024 នៅម៉ាឡេស៊ី។






សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រេចបំណងប្រាថ្នា ចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ខាងមុខ ក្នុងអគារសិក្សាថ្មីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត...

KKKចំនួនអ្នកទស្សនា: Views

 




អគារសិក្សារចនាបទបែបខ្មែរទំនើប របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ពេលនេះ បានសាងសង់ជិតរួចរាល់ ជូនសិស្សានុសិស្សនៃវិទ្យាល័យចក ដើម្បីបង្កភាពងាយស្រួល ដល់ការសិក្សារបស់កូនចៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ សិស្សានុសិស្ស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសំដែងនូវសេចក្តីរីករាយ ចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលបានឆ្លើយតបនឹងបំណងប្រាថ្នារបស់ពួកគេ និងបានសាងសង់អគារសិក្សាថ្មី១ខ្នង មានរចនាបទខ្មែរទំនើប មានបរិស្ថានស្អាត ខ្យល់អាកាសចេញចូលល្អ ដែលបង្កភាពងាយស្រួលដល់ការសិក្សារបស់សិស្សានុសិស្ស។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា អគារសិក្សាថ្មីនេះមានភាពខុសប្លែកពីគេ មានលក្ខណៈជាខ្មែរ ហើយគិតគូរជាពិសេសលើបរិស្ថានក្នុងការសិក្សា ដែលនឹងភាពងាយស្រួលដល់សិស្សានុសិស្ស បានរៀនសូត្រ និងទទួលបានចំណេះដឹងកាន់តែប្រសើរថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានជមរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ថែរក្សាការពារនូវសមិទ្ធផល ដែលមានឱ្យបានគង់វង្ស និងចូលរួមអនុវត្តនូវភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតង និងប្រៃក្លាយសាលារៀន គឺជាថ្នាលបណ្តុះនូវធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌  ដើម្បីក្លាយជាយុវជនអ្នកបន្តវេនដ៏ល្អនាពេលអនាគត។

សូមបញ្ជាក់ថាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់អគារសិក្សាថ្មី១ខ្នង ដែលសាសង់ឡើងតាមរចនាបទបែបខ្មែរទំនើប មានចំនួន ១៦បន្ទប់ ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់ ធំទូលាយ មានបរិយាកាសល្អ ផ្តល់នូវផាសុខភាព នៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ អគារសិក្សាថ្មីនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ តាមគម្រោងការសាងសង់នឹងគ្រោងបញ្ចប់ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ សូមបញ្ជាក់ថា វិស័យអប់រំដែលជាវិស័យគន្លឹះ និងអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះរួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា”៕









ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យចូលជាធរមានលើ «ក្រម បរិស្ថាន និងធនធានធម្មជាតិ»...

KKKចំនួនអ្នកទស្សនា: Views

 




ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ក្រសួងបរិស្ថាន ប្រកាសថា ក្រមបរិស្ថាន និងធនធានធម្មជាតិ នឹងបានដាក់ឱ្យអនុវត្ដជាធរមាន នៅទូទាំងប្រទេស ក្រមនេះជាច្បាប់ថ្មីមួយ ស្ដីពី បរិស្ថាន និងធនធានធម្មជាតិ។
បើតាម ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់អង្គភាពសារព័ត៌មានយើងថា ក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន បានរៀបចំពិធីប្រកាស ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅរសៀលនេះ និងចូលជាធរមានចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ក្នុងគោលបំណងដើម្បីការពារធនធានធម្មជាតិ និងបរិស្ថានទូទៅ ដែលបានសរសេរអំពីគោលបំណងក្នុងក្រម បរិស្ថាន និងធនធានធម្មជាតិ នេះថា «ក្រមនេះកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរព និងប្រតិបត្ដិតាមក្នុងការពង្រឹង ធ្វើទំនើបកម្ម ធ្វើឱ្យមាន សង្គមតិភាព និងធ្វើឱ្យប្រសើរឡើងនូវរាល់ការគ្រប់គ្រងលើកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី ដើម្បីការរស់នៅ និងអភិវឌ្ឍនប្រទេសប្រកបដោយចីរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្ដម ង៉ូវ បូរីណា បានបញ្ជាក់ថា ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ គឺត្រូវបានចងក្រង និងបានចែកចេញជា គន្ថី មាតិកា ជំពូក និងមាត្រា។ ក្រមបរិស្ថាន និងធនធានធម្មជាតិនេះ មានមាត្រាសរុប ចំនួន ៨៦៥ មាត្រា ដែលជាមាត្រាចែងសម្រាប់អនុវត្ដ នឹងមានចុះព្រះហស្ថលេខាដោយ សម្ដេចនរោតម្ដ សីហនមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងហត្ថលេខារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី  កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែង និងចងក្រង កាលពីឆ្នាំ២០២៣ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាកម្ពុជា ដែលមាន ឯកឧត្ដម សាយ សំអាល់ ជារដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងត្រូវបានដាក់ចូលជាធរមានឱ្យអនុវត្ដនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្នុងអាណត្ដិដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ជារដ្ឋមន្ដ្រីក្រសួងបរិស្ថាន ក្នុងនីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា។

ទន្ទឹមនេះដែរឯកឧត្តមបានបន្ថែម ថា ក្រសួងបរិស្ថាន ត្រូវកសាង អនុក្រឹត្យ ប្រកាស សេចក្តីជូនដំណឹង ប្រមាណ១៤៧ ដើម្បីបំពេញបន្ថែមលើក្រមនេះផងដែរ ។

ជាចុងក្រោយ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិ គឺជាត្រីវិស័យដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការតម្រង់ទិស មន្ដ្រីបរិស្ថាន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្ដ្រីរាជការ ប្រជាពលរដ្ឋ ទូទាំងប្រទេស លើការគាំពារបរិស្ថានកម្ពុជា ព្រមទាំងជាគុណប្រយោជន៍ដ៏សំខាន់បំផុត សម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅតាមសហគមន៍ ឱ្យទទួលបាននូវបរិស្ថានល្អស្អាត ប្រកបដោយចីរភាព និងនាំកម្ពុជា ឆ្ពោះទៅកាន់ភាពបៃតង ៦០% នាឆ្នាំ២០៥០ ខាងមុខជាក់ជាមិនខាន។





ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា...

KKKចំនួនអ្នកទស្សនា: Views

 




«ការសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន គឺមិនអាចខ្វះបាន ពីការចូលរួមពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាក់ថ្នាក់ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបាននោះទេ និងដើម្បីសម្រេចបានភាពជោគជ័យ ជាបន្តបន្ទាប់ទៀត ក្រសួងបរិស្ថាន នៅតែបន្តស្វាគមន៍នូវកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា ដើម្បីជាមោទនភាពកម្ពុជាលើឆាកអន្តរជាតិ។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន»  រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI បានបង្ហាញឱ្យកាន់តែច្បាស់អំពីការចូលរួមពី  វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា និងចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

ក្រុមហ៊ុន JTI  ជាក្រុមហ៊ុនឯកជនមួយ ដែបានដកថវិកាចំណេញប្រចាំឆ្នាំរបស់ខ្លួនមួយចំនួន សម្រាប់ជួយសហគមន៍នៅតាមជនបទ ដោយផ្តោតលើគោលដៅចំនួន៣ គឺ៖ ១.កាត់បន្ថយវិសមភាព ២.កិច្ចការពារបរិស្ថាន និង៣.ជួយសហគមន៍នៅក្នុងតំបន់ងាយរងគ្រោះ និងគ្រោះមហន្តរាយ។  ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនបាននាំមកនូវរឺម៉កម៉ូតូកង់បីចំនួន៣៣ គ្រឿង ប្រគល់ជូនក្រសួងបរិស្ថាន សម្រាប់បែងចែកជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមគាំទ្រសកម្មភាពប្រមូល សម្អាតសំរាម សំដៅឱ្យកម្ពុជាមានភាពស្អាត និងស្រស់បំព្រង។

សូមបញ្ជាក់ថា នៅក្នុងគោលដៅយុទ្ធសាស្រ្តទី១ «ភាពស្អាត» របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញ នូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួមប្រមាណជាង ៨,៥លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ដែលបានចូលរួមកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។ នេះជាជោគជ័យមួយដែលលើសពីការរំពឹងទុក។ បច្ចុប្បន្ននេះ ក៏នៅមានសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងវត្តអារាមនានា បានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គឺជាយុទ្ធនាការបំផុសឱ្យ សិស្សានុសិស្ស ប្រជាពលរដ្ឋចេញរើសសំរាម សម្អាតបរិវេណផ្ទះ សាលារៀន វត្តអារាម ទីសាធារណៈ រយៈពេល១៥នាទី នៅរៀងរាល់ថ្ងៃសៅរ៍ ដើម្បីបំផុសផ្នត់គំនិតស្អាត ចលនាធ្វើឱ្យមូលដ្ឋានស្អាត ឱ្យកម្ពុជាស្អាត ទាំងក្នុងប្រទេសនិងស្អាតលើឆាកអន្តរជាតិ៕







ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការបញ្ជូលសមាជិកសមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត...

KKKចំនួនអ្នកទស្សនា: Views

 




ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក  និងស្រុកត្បូងឃ្មុំ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាគណបក្ស ដែលមានធនធានមនុស្ស គ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដូចនេះ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ចំនួន ៤២៤៦នាក់ មកពី ៥០៣ភូមិ ក្នុងឃុំចំនួន៤៩ ស្រុកចំនួន៣ គឺស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំនៃខេត្តត្បូងឃ្មុំ ដែលស្ម័គ្រចិត្តចូលរួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាច្រើនរូប។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ជានិច្ចកាល គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដោយរក្សាឱ្យបាននូវសាមគ្គីភាព កុំជឿពាក្យញុះញង់ពីក្រុមអគតិមួយចំនួន ដែលមានបំណងបំផ្លិចបំផ្លាញកិត្តិយសកម្ពុជា និងការរីកចម្រើនរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការបញ្ជូលសមាជិកសមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឃលើគ្រប់វិស័យ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបានប្ដេជ្ញា បន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព! នឹងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ចនៅរាល់ការបោះឆ្នោត នាពេលអនាគតផងដែរ៕






មហាជន រង់ចាំមើលថា តើ អគ្គនាយក ក្រុមហ៊ុនសា្របៀរកម្ពុជា ព្រមបើករង្វាន់រថយន្ដ ជូនពីរនាក់ប្ដីប្រពន្ធ វ៉ា ង៉ុយ និង តុង ស្រៀង ដែរឬទេ?

KKKចំនួនអ្នកទស្សនា: Views

 




ខេត្ដព្រៃវែង៖ មហាជន និងប្រជាពលរដ្ឋក្នុងឃុំកោះរការ ស្រុកពាមជរ ពិតជាមានការហួសចិត្ដ ត្បិតអី ត្រូវរង្វាន់ឡាន បែរបុគ្គលិកក្រុមហ៊ុន ស្រាបៀរកម្ពុជា រកលះថា ខុសគោលការណ៍ ហើយបែរជាចង់បើកឱ្យជាទូរសព្ទដៃទៅវិញ ផ្ទុយពីការផ្សព្វផ្សាយពាណិជ្ជកម្ម។

ក្រោយមានការផ្សព្វផ្សាយលើបណ្ដាញព័ត៌មានជាច្រើនអង្គភាព មហាជនជាច្រើន បានបញ្ចេញមតិរិះគន់ខ្លាំងៗ ទៅកាន់អ្នកគ្រប់គ្រង និងម្ចាស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានពោលថា «កម្មវិធីស្អីក៏ដោយ អោយតែគេទិញស្រាបៀរយើង ដល់កំណត់ត្រូវបានសន្លឹកឆ្នោតផ្សងសំណាង គឺត្រូវអោយគេ មិនត្រូវនិយាយបង្វៀង កេងបន្លំ រង្វាន់អតិថិជនទេ បើទស្សបីគេទិញស្រាបៀររបស់អ្នក យកទៅផឹកអាំងខ្មោចខ្លែមក៏ដោយ អោយគេត្រូវរង្វាន់ គឺក្រុមហ៊ុនអោយគេ» និងមានមតិផ្សេងទៀតថា «លេងខូចគេអញ្ចឹងថ្ងៃក្រោយគេលែងហ៊ានលេងជាមួយហើយពូ។ ខ្ញុំអស់ជំនឿហើយបើធ្វើបែបនេះនោះ»។
ទោះជា មានការចុះផ្សាយលើបណ្ដាញព័ត៌មានច្រើនយ៉ាងណាក្ដី ក្រុមហ៊ុនស្រាបៀរកម្ពុជា ឬ Khmer Beverages ដែលមាន លោក ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ហាក់ដូចជាសន្ងំស្ងៀម ពុំមានការបកស្រាយអ្វីសោះឡើយ តើរឿងគេត្រូវរង្វាន់នោះជាការពិត ឬក៏យ៉ាងណា?

ម្ចាស់សមីខ្លួនពីរនាក់ប្ដីប្រពន្ធ ដែលចាប់ឆ្នោតឈ្នះរង្វាន់រថយន្ដ Ford Ragnger 2024 នោះ បានប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ គឺពុំបានឃើញ បុគ្គលិក ឬ តំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា មកសាកសួរ ឬ ធ្វើការដោះស្រាយនោះទេ។ ពួកគាត់ទាំងពីរនាក់ ពិតជាមានការអាក់អន់ចិត្ដ ជាខ្លាំង ដែលកន្លងមកតែងតែ គាំទ្រ ទិញស្រាបៀរកម្ពុជា ដើម្បីមកធ្វើពិធីផ្សេងៗ ដោយនឹកឃើញថា មានរង្វាន់បានសប្បាយ ហើយនឹងមានឱកាសឈ្នះរង្វាន់ទៀត តែជាការពិត នៅពេលដែលបានត្រូវរង្វាន់ហើយ មិនអាចទទួលបានរង្វាន់ដូចដែរ ក្រុមហ៊ុនធ្វើផ្សព្វផ្សាយនោះទេ?

មហាជនម្នាក់បានលើកឡើងថា ក្រុមហ៊ុន របស់លោក ឧកញ៉ា លាង ឃុន ជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មិនគួរណាបណ្ដោយឱ្យមានរឿងដូច្នេះ កើតឡើងនោះទេ ត្រូវហ៊ានប្រឈមដោះស្រាយ ឬប្រគល់រង្វាន់ឡាននោះឱ្យទៅគេ ដែលមានឈ្មោះឈ្នះរង្វាន់ទៅ កុំឱ្យមានការបាត់បង់ទំនុកចិត្ដ ឬ បាត់អ្នកគាំទ្រលើផលិតផលរបស់ក្រុមហ៊ុន។

អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សាយលើជុំវិញមតិលើកឡើងរបស់មហាជនតែប៉ុណ្ណោះ មិនមានចេតនាបញ្ចេញបញ្ចូល ឬញ៉ុះញុងអ្វីនោះទេ។  ហើយអង្គភាពសារព័ត៌មានយើងខ្ញុំ គឺពុំទាន់បានទទួលការបំភ្លឺណាមួយពីសំណាក់ក្រុមហ៊ុន ស្រាបៀរកម្ពុជា នោះទេ នឹងរង់ចាំការបំភ្លឺពីគ្រប់ភាគី រាល់ម៉ោងធ្វើការ ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដូចដែលមានចែងក្នុង ច្បាប់របបសារព័ត៌មាននៅកម្ពុជា។








ល្បីខ្លាំងលោក គង់ មង្គល ប្រធានសហគមន៍បឹងជ្រាវចាស់ ដាក់គ្រឿងចក្រ ឈូសឆាយរំលោភយកដីព្រៃលិចទឹកតំបន់៣ (តំបន់ហាមឃាត់)ធ្វើជាកម្មសិទ្ធិឯកជនទុកលក់ខ្ទង់លានដុល្លារ តើអាជ្ញាធរនិងជំនាញណាខ្លះបានដឹង និងមានវិធានការទប់ស្កាត់?

KKKចំនួនអ្នកទស្សនា: Views






ខេត្តសៀមរាប៖  តើពិតឬទេ? ដែលបងប្អូនប្រជាពលរដ្ឋ និងបណ្តាញសង្គមមួយចំនួនធ្លាប់ល្បីខ្លាំងហើយថា លោក គង់ មង្គល ជាប្រធានសហគមន៍បឹងជ្រាវចាស់ ដែលសម្បូរទៅដោយរឿងអាស្រូវ ល្បីឈ្មោះខាងដើរឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងរំលោភឈូសឆាយយកដីព្រៃលិចទឹកក្នុងតំបន់៣ (តំបន់ហាមឃាត់) ស្ថិតនៅក្នុងខេត្តសៀមរាប ហើយមានបណ្ដាញសារព័ត៌មានជាង១០អង្គភាពបាននាំគ្នាធ្វើសេចក្តីបំភ្លឺថាដីដែលលោក គង់ មង្គល បានធ្វើការឈូសឆាយនោះមានទំហំ៧៧ហិកតា ដែលជាកម្មសិទ្ធិឯកជនរបស់លោក គង់ មង្គល ជាដីដែលកាន់កាប់អាស្រ័យផងតាំងពីឆ្នាំ១៩៩២ របស់បុគ្គលដែលសំបូរទៅដោយរឿងអាស្រូវប្រចាំខេត្តសៀមរាបនោះ។

  សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅក្រុមការងារអ្នកសារព័ត៌មានយើងបានចុះផ្តិតយករូបភាពសកម្មភាពជនឆ្លៀតឱកាសដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកនៅក្នុងតំបន់៣ ចំណុចទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប យ៉ាងអនាធិបតេយ្យរាប់រយហិកតា ទោះជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ នេះបើតាមប្រភពពីពលរដ្ឋបានបង្ហើបថាដីដែលធ្វើការឈូសឆាយនោះជាដីកម្មសិទ្ធិឯកជនរបស់លោក គង់ មង្គល មានចំនួន៧៧ហិកតា តែពួកគាត់ឆ្ងល់ថាហេតុអ្វីបានជាស្ថិតនៅក្នុងបង្គោលតំបន់៣(តំបន់ហាមឃាត់)ទៅវិញ តើលោក គង់ មង្គល មានអំណាចធំប៉ុណ្ណា?។

ប្រភពបានបង្ហើបទៀតថា ការឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់ខាងលើ គឺគ្រោងឈូសឆាយរាប់រយហិកតាបន្ថែមទៀត ដើម្បីយកដីព្រៃតំបន់៣នេះលក់ ពីបុគ្គលអ្នកមានលុយមានអំណាចមួយចំនួន ដោយយកលេសថាមាន លិខិតកាន់កាប់ស្របច្បាប់ចំនួន ៧៧ហិកតា របស់ឈ្មោះ គង់ មង្គល នេះជាល្បិចកន្ទេរធំបន្លំដេក មានឱកាសគឺត្របាក់តែម្ដង។

  ប្រជាពលរដ្ឋហាក់អស់ជំនឿ លើមន្ដ្រីអជ្ញាធរក្នុងមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ចំពោះចំណាត់ការទប់ស្កាត់ និងអភិរក្សដីព្រៃលិចទឹក ដែលជាសម្បត្ដិរបស់រដ្ឋ ក្នុងបង្កបង្កើនផលនេសាទ ទុកបម្រុងសម្រាប់ជីវភាពប្រជាពលរដ្ឋក្នុងទឹកដីខេត្ដសៀមរាប។

  ប្រជាពរលដ្ឋម្នាក់និយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ជនខិលខូចមួយក្ដាប់តូច និងអ្នកមានអំណាចមួយចំនួនតូច ប្រើល្បិចខ្ពស់ ដីមួយចំអាម ច្បាមយក ១ហិកតា ដី៧៧ហិកតា ឈូសយករាប់រយហិកតា ហើយពោលថា ឱ្យតែដីដែលគេឈូសឆាយនោះ សុទ្ធតែមានច្បាប់ហើយ កុំចំបាច់ឆ្ងល់អី នៅឱ្យស្ងៀមទៅកុំខ្វល់។

  ជុំវិញការលើកឡើងខាងលើនេះដែរអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់លោកគង់ មង្គល តាមលេខទូរស័ព្ទដើម្បីសុំការបកស្រាយបំភ្លឺបន្ថែមតែទូរស័ព្ទមិនអាចទាក់ទងបាន និងបានព្យាយាមផ្ញើសារតាមប្រព័ន្ធតេឡេក្រាមទៅលោកដែរតែមិនឃើញលោកចូលមើល។

  បើយោតាមកំណត់ហេតុចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ស្តីពីការចុះជួបជុំពិនិត្យស្ថានភាពទន្ទ្រាន និងភ្លើងឆេះព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប របស់ឯកឧត្តម សរ គឹមសាន្ត អគ្គ លេខាធិការនៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរទន្លេសាប ការចុះជួបជុំពិនិត្យ ស្ថានភាពទន្ទ្រាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមាន កិច្ចសហការចូលរួមពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ស្នងការនគរបាលខេត្ត អភិបាលរងក្រុង ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន ការិយាល័យ ភូមិបាលស្រុក ដែលមានសមាសភាពចូលរួមសរុប ចំនួន ២៤នាក់ ដូចមានជូនភ្ជាប់នូវបញ្ជីវត្តមាន ។

ទិដ្ឋភាពទូទៅ នៃកិច្ចប្រជុំដោះស្រាយ បាននាំគ្នាពិនិត្យមើលដល់ទីតាំងជាក់ ស្តែងដែលដល់តំបន់ឈូសឆាយនៅតំបន់២ និងករណីការឆេះព្រៃនៅតំបន់ជាក់ស្តែងនៅតំបន់ព្រំសង្កាត់ជ្រាវជា មួយឃុំកណ្តែក ។

កិច្ចប្រជុំបានលើកយកបាតុភាពនេះយកមកពិភាក្សានៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១. ចុះពិនិត្យជាក់ស្តែងដោយមិនមានការទន្ទ្រានដីថ្មីនៅតំបន់ ៣ ទេ ប៉ុន្តែមានការឈូសឆាយនៅក្នុង តំបន់២ ដែលបានកាត់ឆ្កៀល

២. ចំណុចដែលមានការទន្ទ្រានដីថ្មីចំនួន ២៣.៨៣ ហិកតា នៅក្នុងតំបន់៣ ដែលបញ្ជាក់ដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (លិខិតលេខ១១៧៧ ដនស/ខុទ្ទកាល័យ ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤) វាជាដីបាតបឹងចាស់នោះទេ

៣.ពិតជាមានស្លាកស្នាមភ្លើងឆេះព្រៃពិតប្រាកដមែនដែលស្ថិតនៅព្រំប្រទល់សង្កាត់ជ្រាវ ជិតឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រុងសៀមរាប

  ៤. ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការកាប់ទន្ទ្រានថ្មី បង្កាកុំឱ្យភ្លើងឆេះព្រៃ និងពង្រឹងការអនុវត្ត អនុក្រឹត្យលេខ ០៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០

២៣។កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោងដប់មួយ និងសាម

សិប នាថ្ងៃខែឆ្នាំដដែល ប្រកបដោយការយកចិត្ត ទុកដាក់ និងទទួលខុសត្រូវខ្ពស់ ។

  ចម្ងល់ប្រជាពលរដ្ឋក៏ដូចជាមហាជនបានលើកឡើងថាក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរទន្លេសាប ការចុះជួបជុំពិនិត្យ ស្ថានភាពទន្ទ្រាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមិនបានបញ្ជាក់ថាទីតាំងដីព្រៃលិចទឹកដែលស្ថិតនៅក្នុងបង្គោលតំបន់ ៣(តំបន់ហាមឃាត់)ដែលលោក គង់ មង្គល ប្រធានសហគមន៍បឹងជ្រាវចាស់យកគ្រឿងចក្រទៅឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិដោយយកឡះថាមាន លិខិតកាន់កាប់ស្របច្បាប់ចំនួន ៧៧ហិកតា ស្ថិតនៅត្រង់ចំណុចណាឲ្យពិតប្រាកដនិងមិនបានកំណត់ឲ្យជាក់លាក់ណាមួយនោះទេ.នេះបើយោងទៅតាមកំណត់ហេតុក៏ដូចជាចម្ងល់របស់ប្រជាពលរដ្ឋនឹងមហាជន។

  មតិមហាជនមានចង្ងល់ថាប្រសិនបើការចុះកាត់ឆ្វៀលនោះជូនប្រជាពលរដ្ឋមែន?ថាតើប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងនោះនៅឯណា ?ហើយប្រសិនបើដីដែលអាស្រ័យផលមែនហេតុអ្វីមកធ្វើការឈូសឆាយក្នុងបង្គោលតំបន់បី ដីព្រៃលិចទឹកទៅវិញ ? ដីក្នុងតំបន់ខាងលើនោះតាំងពីដូនតាមកហើយជាដីព្រៃលិចទឹក៕

ជុំវិញក្រោយពីអន្តរក្រសួងបានធ្វើការចុះដល់ទីតាំងខាងលើនឹងមានកំណត់ហេតុដែលបានចុះដោយអន្តរក្រសួងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះក្រុមការងារនៃការចុះអង្កេតនូវអង្គហេតុខាងលើបានលួចខ្សិបប្រាប់ដល់ក្រុមការងារយើងថាកំពុងធ្វើការស៊ើបអង្កេតជាបន្តទៀតលើករណីដី៧៧ហិកតា ដែលមានប្រភពពីបណ្តាញព័ត៍មានថា និងមានឯកសារច្បាស់ៗថាជាដីស្របច្បាប់របស់លោក គង់ មង្កល ដែលលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ជាអ្នកធ្វើការអះអាងក្តែងៗតាមបណ្តាញសង្គមព័ត៍មានថាបុគ្គលឈ្មោះ គង់ មង្គល់ បានអាស្រ័យផលតាំងពីឆ្នាំ១៩៩២.ហើយនិងរង់ចាំបំភ្លឺនៅពេលក្រោយ។

  ប្រជាពលរដ្ឋសូមធ្វើការសំណូមពរដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមន្រ្តីជំនាញ និង អាជ្ញាធរអន្តរក្រសួងព្រមទាំងអជ្ញាធរខេត្ដសៀមរាប ជួយដាក់ការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ផងទាន  ! ដើម្បីធានាអោយបាន នូវការថែរក្សាការពារដីព្រៃលិចទឹកតំបន់បីអោយមានប្រសិទ្ធភាពផង! ដើម្បីជាប្រយោជន៍ ដល់សង្គមជាតិ ស្របទៅតាមយុទ្ធសាស្រ្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

  អង្គភាពសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។












អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!!!



 
kkk