October 2023 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

KKKចំនួនអ្នកទស្សនា: Views

 រឿងកាន់តែក្ដៅហើយ ក្រោយពីកុមារតូចៗទទួលទាន ទឹកដោះគោម៉ាក NuVi គឺមានអាការៈក្ដៅខ្លួនខ្លាំង និងចូលមន្ទីរពេទ្យព្យាបាលជាបន្ដបន្ទាប់...


ភ្នំពេញ៖ ជារឿងមួយដែលគួរឱ្យហួសចិត្ដ កុមារជាច្រើន រៀននៅសាលាបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបានញាំទឹកដោះគោ ម៉ាក NuVi ដែលបានយកទៅធ្វើការផ្សព្វផ្សាយ និងលក់ ក្នុងបរិវេណសាលាបឋមសិក្សាបឹងសាឡាង កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ មានអាណាព្យាបាលសិស្សម្នាក់ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា កុមារជាច្រើននាក់ បានញាំទឹកដោះគោ ម៉ាក NuVi ហួសសុពលភាពប្រើប្រាស់ និងបានបញ្ជូនទៅមន្ទីរព្យាបាលជាបណ្ដើរៗហើយ។


  បើយោងតាមអាណាព្យាបាលសិស្សឈ្មោះ ឡេង បុត្រា ណាណូ 

បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កូនរបស់ខ្លួន

បានភ្លក់ទឹកដោះគោ ម៉ាក NuVi ដែលមានការផ្សព្វផ្សាយ និងលក់ ដោយតំណាងរបស់ក្រុមហ៊ុន នៅក្នុងបរិវេណសាលា បឋមសិក្សាបឹងសាឡាង។ គាត់មានការជឿទុកចិត្ដលើក្រុមហ៊ុន ហើយក៏បានទិញទឹកដោះគោ ម៉ាក NuVi នោះចំនួន ១កេស សម្រាប់ឱ្យកូនរបស់គាត់ផឹក ដោយពុំបានពិនិត្យមើលលើ សុពលភាពផលិត និងកាលបរិច្ឆេទប្រើប្រាស់នោះទេ។បន្ទាប់ពីកុមារា ឡេង បុត្រាណាណូ ដែលមានអាយុ ៦ ឆ្នាំ បានញាំទឹកដោះគោនោះរួចចំនួន ៣កំប៉ុងក្រដាសអស់ ស្រាប់តែអាណាព្យាបាលនោះ បានចាប់អារម្មណ៍ និងពិនិត្យមើលអំពី សុពលភាពនៃការផលិត ក៏បានឃើញថា ផលិតផលនេះ បានហួសសុពលភាព  កាលបរិច្ឆេទប្រើប្រាស់ជាង ១០ថ្ងៃទៅហើយ បន្ទាប់មកទៀតរូបគាត់ក៏បានយកទឹកដោះគោនោះ ទៅប្ដូរជាមួយក្រុមហ៊ុននោះវិញ ក៏ប៉ុន្ដែក្រុមការងារដែលជាតំណាងក្រុមហ៊ុនទឹកដោះគោនោះ បានរើសសម្ភារៈចាកចេញពីសាលាអស់ទៅ។














  អាណាព្យាបាលរបស់កុមារា ឡេង បុត្រាណាណូ បានរៀបរាប់បន្ដទៀតថា នៅយប់ថ្ងៃទី២៧ ដដែល វេលាម៉ោងជាង ៩:០០ យប់ ស្រាប់តែកូនរបស់គាត់មានអាការៈក្ដៅខ្លួនខ្លាំងពេញមួយយប់ ក្នុងសីតុណ្ហភាពជិត ៤០ អង្សារសេ ធ្វើឱ្យរូបគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង លុះដល់ព្រឹកថ្ងៃទី២៨ 

គាត់បានបញ្ជូនកូនទៅមន្ទីរពេទ្យព្យាបាលជាបន្ទាន់ ប៉ុន្ដែអាការៈកុមារនោះមិនថមថយកំដៅនោះទេ រហូតដល់ល្ងាចថ្ងៃទី២៩ ក្រោយការព្យាបាលយ៉ាងយកចិត្ដទុកដាក់ពីលោកគ្រូពេទ្យ ទើបមានអាការៈបានធូរស្រាលបន្ដិច។

  

គូសបញ្ជាក់ផងដែរថា ផលិតផលទឹកដោះគោម៉ាក NuVi ខាងលើនេះ គេដឹងថាជាផលិតផល ដែលធ្វើការនាំចូលពីក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានអ្នកឱកញ៉ា លាង ឃុន ជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផងនោះ។


  ក្រោយពីបានដឹងរឿងផលិតផលហួសសុពលភាពនេះភ្លាម អាណាព្យាបាលសិស្សជាច្រើននាក់ ដែលមានកូនរៀននៅសាលាបឹងសាឡាង មានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយ និងចែកផលិតផលហួសសុពលភាពឱ្យកូនៗរបស់គាត់បានភ្លក់ កាលពីថ្ងៃទី២៧ កន្លងមក ។ អាណាព្យាបាលសិស្សក៏ស្នើសុំឱ្យលោកនាកយកសាលាបឹងសាឡាង និងសាលាផ្សេងៗមេត្ដាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីការពារសុខភាពកុមារ ព្រោះក្មេងៗជាសិស្ស គឺនៅតូចៗ មិនទាន់មានការយល់ដឹងពីបញ្ហាសុខភាពចំណីអាហារ កាលបរិច្ឆេទផលិត ឬហួសសុពលភាពនោះទេ ព្រមទាំងសូមឱ្យក្រសួងសុខាភិបាល ចូលរួមពិនិត្យ លើផលិតផលខូចគុណភាព ឬ ផលិតផលដែលប៉ះពាល់សុខភាពកុមារនៅតាមសាលារៀនផង។


  មួយវិញទៀត អាណាព្យាបាលកុមារា ឡេង  បុត្រាណាណូ សូមឱ្យអ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ធ្វើការស្រាវជ្រាវ និងពិនិត្យឱ្យល្អិតល្អន់មុននឹងឱ្យតំណាងក្រុមហ៊ុន ធ្វើការចែកចាយ ឬ ធ្វើទីផ្សារ សូមកុំឱ្យយកសុខភាពកុមារមកធ្វើជាការពិសោធន៍ទីផ្សារ ដើម្បីស្វែងរកប្រាក់ចំណេញ និងសំណូមពរឱ្យអ្នកឧកញ៉ា គួរស្រឡាញ់សុខភាពកុមារផង ព្រោះឪពុកម្ដាយគ្រប់រូបគឺស្រឡាញ់កូនៗរបស់គេខ្លាំងណាស់។


  អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺជុំវិញព័ត៌មានខាងលើ គ្រប់ម៉ោងធ្វើការ ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។

ចូលគាស់ផ្ទះមន្រ្តីនគរបាលម្នាក់ លួចបានទ្រព្យសម្បត្តិ យ៉ាងច្រើន តែរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៥នាក់

KKKចំនួនអ្នកទស្សនា: Views



 


ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ តាមចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលនាំគ្នា ទៅគាស់ទ្វារផ្ទះប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិ មួយចំនួនធំ។ ជនសង្ស័យទាំង០៥នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បានកាលពីម៉ោង១២ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៦២៦E1 ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ៕

KKKចំនួនអ្នកទស្សនា: Views

 ដោយទទួលបានបទបញ្ជាដោលផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន...

បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ អោយតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ ល្បាតពួនស្ទាក់ បង្ការទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានធ្វេីការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ស្តីពីករណី ប៉ុនប៉ងលួច ។


+ជនសង្ស័យទី០១ឈ្មោះមោក ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងឡាន

ស្នាក់នៅផ្ទះគ្មានលេខ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ (ឃាត់បាន)

+ជនសង្ស័យទី០២ឈ្មោះ​សេង វិសាល ភេទ​ប្រុស អាយុ​៣៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​មិនពិតប្រាកដ(ឃាត់បាន)

+សម្ភារៈបាត់បង់  : គ្មាន

+សម្ភារៈដកហូត  : ដែកលួសសសៃរចំនួន01ដើម , ទូរសព្ទម៉ាកNokia ចុចពិល ពណ៌ខ្មៅ ចំនួន02គ្រឿង, 




+ដំណើររឿងហេតុ  :

កាលពីវេលាម៉ោង០៣.០០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៩.១០.២០២៣ ជនសង្ស័យឈ្មោះមោក ធា និងជនសង្ស័យឈ្មោះសេង វិសាល បានជិះម៉ូតូ១គ្រឿងម៉ាកវ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1F 2596 ពេលជិះមកដល់ចំណុច ផ្លូវលំ ភូមិឬស្សី៣សង្កាត់ស្ទឹងមានជ័យ២ ជនសង្ស័យឈ្មោះសេង វិសាល បានចុះពីម៉ូតូយកដែកលួសសសៃរធ្វើសកម្មភាពឆ្កឹះសោរទ្វាផ្ទះប្រជាពលរដ្ឋ ចំណែកជនសង្ស័យឈ្មោះមោក ធា អង្គុយលើម៉ូតូចាំមើលផ្លូវ ស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២កំពុងតែល្បាតក៏ឃើញជនសង្ស័យទាំង០២ បានធ្វើសកម្មភាពដូចខាងលើ ក៏បានឃាត់ខ្លួនយកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍តែម្ដង។


-បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន

នគរបាលខណ្ឌមានជ័យបណ្តោះអាសន្ន កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។

ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព..

KKKចំនួនអ្នកទស្សនា: Views

 


នាព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៧៧០,០០០រៀល ទឹកសុទ្ធ២កេស, ទឹកក្រូច២កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ត្រី ញឹម សុរ៉ាច្ច័យ ជំនួយការ មូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ

KKKចំនួនអ្នកទស្សនា: Views


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ។ តាមរយៈយុទ្ធនាការថ្ងៃ១០ តុលានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ។

គួររម្លឹកដែលថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។ រដ្ឋាភិបាលមានផែនការរក្សាគំរបព្រៃឈើឲ្យបាន ៦០ភាគរយ នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុក ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ដូចនេះ ក្រសួងបានដាក់ចេញយុទ្ធនាការរួមមាន៖ ទី១ ជំរុញនិងចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងរហូតដល់ពេលនេះ មានការចូលរួមពីសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១,៤លាននាក់ ទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង ៣.បង្កើនគម្របព្រៃឈើឲ្យបាន៦០% តាមរយៈការដាំដើមឈើ១លានដើម ក្នុងមួយឆ្នាំ រួមទាំងការដាំឬស្សី ដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន ព្រមទាំងការចូលរួមជាមួយដៃគូនានា ដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ជាចម្បងទៅលើការប្រែប្រួលអាកាសធាតុ៕









ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស្វីស នឹងជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស្វីសនឹងជំរុញការអនុវត្តចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គទេសក៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កាន់តែមានប្រសិទ្ធភាព និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកថ្លែងបែបនេះនាឱកាសអនុញ្ញាតជូនលោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធស្វីស តាមរយៈការិយាល័យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ដែលបានរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមទាំងជំនួយលើវិស័យផ្សេងៗទៀត ដូចជា ការងារពង្រឹងគណនេយ្យភាពសង្គម ការងារបោសសម្អាតមីន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បម្រែបម្រួលអាកាសធាតុ និងការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា។

លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានជម្រាបអំពីគម្រោងរបស់រដ្ឋាភិបាលស្វីសដែលកំពុងតែអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខណ្ឌតំបន់មេគង្គឆ្នាំ២០២២-២០២៥ ដែលមានលក្ខណពហុវិស័យចំនួនបីរួមមាន អភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានយកឱកាសសម្ដែងការអបអរសាទរ ចំពោះថ្ងៃខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋស្វីស ដែលតែងតែជួយគាំទ្រដល់កម្ពុជាក្នុងចំណងទាក់ទងជាមិត្តភាពដ៏ស្និទ្ធស្នាល និងភាពជាដៃគូដ៏យូរអង្វែងលើវិស័យផ្សេងៗ ដោយបាននាំមកនូវការរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។

លោកឯកអគ្គរដ្ឋទូតស្វីសបានឯកភាពចំពោះការវាយតម្លៃរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ស្វីស៕

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មការបច្ចេកទេស ដើម្បីរៀបចំពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តសៀមរាប

KKKចំនួនអ្នកទស្សនា: Views

 

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាបបានបើកកិច្ចប្រជុំគណៈកម្មការបច្ចេកទេស ដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តោយដងស្ទឹងសៀមរាប រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រោមការដឹកនាំប្រជុំដោយលោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្សនៃសាលាខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រីមកពីមន្ទីរ អង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលជាសមាជិកគណៈកម្មការបច្ចេកទេសចូលរួមផងដែរ។

លោក សន សេរីវុទ្ធី បានលើកឡើងថា ក្នុងពិធីបុណ្យអុំទូកនេះដែរ ក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗជូនដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរ។

លោក សន សេរីវុទ្ធី បានបន្តថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិតក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជម្នះជូនជាតិមាតុភូមិ។

ការជួបជុំគ្នានាឱកាសនេះ ក៏ដើមី្បធ្វើការពិភាក្សាគ្នា ក្នុងជួរគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតអុំទូក ដើមី្បធ្វើការរៀបចំក្រុងប្រវត្តិសាស្ត្រសៀមរាបឲ្យមានសោភ័ណភាពកាន់តែមានភាពស្រស់ត្រកាលឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០២៣នេះ ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ៍ ដែលខេត្តសៀមរាប គឺជាក្រុងគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ដែលមានការទាក់ទាញនូវភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាកម្សាន្តឲ្យកាត់តែច្រើន។

លោក សន សេរីវុទ្ធី បានលើកនូវចំណុចមួយចំនួនក្នុងព្រះរាជពិធីបុណ្យអុំទូក ដោយផ្តោតទៅលើបញ្ហាបច្ចេកទេសក្នុងផ្គូរផ្គងទូក ការចេញដំណើរពីដើមទីដល់ចុងទី និងត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ចំពោះក្រុមកីឡាករនិងកីឡាការិនីអំពីសុខភាព និងវិន័យក្នុងការប្រកួត ព្រមទាំងរក្សាឲ្យបានល្អសណ្តាប់ធ្នាប់ទូកមុនចូលការប្រកួតផង​ដែរ។

លោកក៏បានណែនាំមួយចំនួនដល់សមាជិកគណៈកម្មការបច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេស ដែលគណៈកម្មការមានបទពិសោធន៍ពីបណ្តាឆ្នាំមុនៗ ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ហើយក៏ជាការផ្សព្វផ្សាយ ដើម្បីទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្តនូវសម្បត្តិវប្បធម៌ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីយដ្ឋានធម្មជាតិនៅលើទឹកដីប្រវត្តិសាស្ត្រ ដែលជាទីក្រុងគោលដៅភ្ញៀវទេសចរនៅលើពិភពលោកផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធប្រឹងប្រែងអនុវត្តន៍ឱ្យជោគជ័យនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»​ ដើម្បីពង្រឹងភាព​ធន់ ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

KKKចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញ ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធទាំងប្រឹងប្រែងអនុវត្តន៍ឱ្យជោគជ័យនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»​ ដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាព​ធន់​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

​ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨​​ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ​នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតីបានបញ្ជាក់ថា ក្នុងការអនុវតតគោលនយោបាយជាតិនេះ រាជរដ្ឋាភិបាល នឹងផ្តល់អទិភាពខ្ពស់​ និងប្រគល់ភារកិច្ចដល់ក្រសួងឧស្សាហកម្ម ដើរតួនាទីជាស្ថាប័នបង្គោលនៅក្នុងការ ជំរុញការអនុវត្ត និងការតាមដានអនុវត្តយុទ្ធសាស្រ្តជាតិនេះ ប្រកបដោយប្រសិទ្ធភាព ​ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំសុំស្នើឱ្យក្រសួងឧស្សាហកម្ម និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការគ្រប់ថ្នាក់ត្រូវខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិនេះ តាមដែនសមត្ថកិច្ចរៀងៗខ្លួន ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាធុរជន វិនិយោគិន សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងស្ថាប័នជាតិ និងអន្តរជាតិ ចូលរួមឱ្យបានផុសផុលក្នុងការគាំទ្រ ការអនុវត្ត និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីយុទ្ធសាស្រ្តជាតិដ៏មានសារៈសំខាន់នេះ»។

សម្តេចមានប្រសាសន៍បន្តថា ជាមួយនឹងការដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នាថ្ងៃនេះ​ សម្តេចធិបតីជឿជាក់ថា យុទ្ធសាស្រ្តជាតិនេះ នឹងក្លាយជាប្រទីបបំភ្លឺ និងត្រួសត្រាយផ្លូវ ព្រមទាំងជាទុនយ៉ាងសំខាន់ សម្រាប់កម្ពុជាក្នុងការតម្រង់ទិសការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោចីរភាព បរិយាបន្ន និងភាពធន់យ៉ាងពិតប្រាកដ សមស្របតាមគោលការណ៍ ​មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ទាំងក្នុងន័យអភិវឌ្ឍន៍ និងទាំងក្នុងន័យចូលរួមនៅក្នុងដំណើរការនៃការអភិវឌ្ឍន៍។

តាមប្រសាសន៍សម្តេចធិបតី ដើម្បីទទួលបាននូវជោគជ័យនៅក្នុងការអនុវត្ត«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» រាជរដ្ឋាភិបាលបានដាក់ចេញនូវអទិភាពជាយុទ្ធសាស្រ្ត៥ចំណុច៖

១៖ ការកំណត់ការកែសម្រួល និង​ការរៀប​ចំ​យន្តការបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ ​៖ រាជរដ្ឋាភិបាលនឹងពង្រាយ​ និងពង្រឹងយន្តការគ្រប់គ្រង និងភាពប្រទាក់ក្រឡាគ្នារវាងវិធានការត្រូវអនុវត្តដោយក្រសួងស្ថានប័នពាក់ព័ន្ធទាំងអស់ ដើម្បធានាសង្គត់ភាព និងការអនុវត្ត និងការកែសម្រួលនិតិវិធីឱ្យបានជាអតិបរមា។

២៖ ការកាត់បន្ថយ​បន្ទុក​លើ​ការ​បំពេញ​អនុលោមភាព ៖ រាជរដ្ឋាភិបាល នឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឱ្យបានជាអតិបរមា បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុទ្ធជាច្រើន និងធានានូវភាពអាចប៉ាន់ប្រមាណបានសម្រាប់ការប្រកបមុខរបរ និងទាំងធ្វើការងារ។

៣៖ ការផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបាន​ឈានចូល​ក្នុង​ប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រឹង ពង្រីកវិសាលភាពនៃមូលធនមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រផ្នែកសុវត្ថិភាពការងារសំដៅផ្តល់នូវការគាំពារសុខភាពដល់ក្រុមអទិភាព ដើម្បីឱ្យមានលទ្ធភាព និងអាចរស់នៅក្នុងប្រព័ន្ធក្នុងកម្រិតជីវភាពមួយសមរម្យ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រឬទទួលរងហានិភ័យខាងជីវភាព។

៤៖ ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាលនឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលនៅក្នុងការទទួលបានសេវាសាធារណៈ និងការគាំទ្រផ្សេងៗ ការពង្រឹងការបណ្តុះបណ្តាលជំនាញ ការបង្កើតលទ្ធភាពស្វែងរកទីផ្សារជាដើម ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូលក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

៥៖ ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម៖​ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលនឹងពង្រីក ពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ​ការលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងជួយជំរុញការរៀបចំប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកម្ពស់កិច្ចសន្ទនា និងការចូលរួមនៅក្នុងការរៀបចំគោលនយោបាយផ្សេងៗ​៕

 
kkk