April 2024 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន...

KKKចំនួនអ្នកទស្សនា: Views

 




ខេត្តកណ្តាល៖ សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើដែលមានយីហោ(ប៊ី ស្មាន) កំពុងតែគឃ្លើនជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល បើទោះបីជាមន្ត្រីជំនាញចុះទៅពិនិត្យធ្វើការហាមឃាត់ម្តងជាពីរដងហើយក្តី។ ម្ចាស់សហគ្រាសនៅតែមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ គេមិនដឹងថាម្ចាស់សហគ្រាសផលិតទឹកក្រូចនិងទឹកផ្លែឈើខាងលើនេះ មានខ្នងបង្អែកគ្រាកៗនៅពីក្រោយខ្នងប៉ុណ្ណានោះទេ ទើបនៅតែគឃ្លើនមិនខ្លាចច្បាប់បែបនេះនោះ?។

បើយោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីមន្ត្រីជំនាញដែលចុះទៅពិនិត្យទីតាំងសហគ្រាសខាងលើនេះ។

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះពិនិត្យ​ជាក់ស្តែងរួចមកហេីយ​ឃេីញថា​ ទីតាំងនេះជាសហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ "ប៊ី ស្មាត"​ ហេីយក្រុមការងារបានធ្វើកំណត់​ហេតុជាមួយតំណាងម្ចាស់អាជីវកម្ម​ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ម្តងរួចមកហើយ ព្រមទាំងបានយកសំណាកទឹកដែលបង្ហូរចេញពីប្រព័ន្ធលូរបស់របស់សហគ្រាសដែលបង្ហូលសំណល់រាវ​ ចូលប្រឡាយសាធារណៈ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ​ (បច្ចុប្បន្នមន្ទីរកំពុងរងចាំលទ្ធផលវិភាគ)។

​   ហើយនៅថ្ងៃទី០៨ ខែមេសា​ ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តកណ្តាល​ ក៏បានចេញលិខិតបញ្ជាកែប្រែវិធានការគ្រប់គ្រងការ​បំពុលបរិស្ថាន ដល់ទៅម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ "ប៊ី ស្មាត" ផងដែរ ដោយបាន​ ដាក់ចេញនូវវិធានការចំនួន ០៣ ចំនុច ៖​ ដូចមាននៅក្នុងលិខិតលេខ ០៥២ សជណ បស្ថ.កណ ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពី ករណី​បញ្ជាកែប្រែវិធានការគ្រប់គ្រងការ​បំពុលបរិស្ថាន។

បើទោះបីមន្ទីរជំនាញបរិស្ថានចុះទៅពិនិត្យ ហាមឃាត់ម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើខាងលើនេះក៏ដោយ បច្ចុប្បន្ននេះ ទីតាំងខាងលើនៅតែដំណើរការយ៉ាងរលូនមិនខ្លាចញញើតច្បាប់ទាល់តែសោះ៕
​     អត្ថបទ សេង សុខេង.. ស.៦. ស៊ីអិនធី ហតញូយ៍.






សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​...

KKKចំនួនអ្នកទស្សនា: Views

 




ស្ទឹងត្រែង៖​ ជា​ប្រតិបត្តិ​ការ​មួយដ៏ធំ​ ចាប់​ខ្លួន​មេខ្លោង​ដែល​បង្កព្យុះភ្លៀង​ កៀគរ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ ចូលទៅកាប់​រុករាន​ ទន្ទ្រាន​ដីរបស់​រដ្ឋ​ ស្ថិត​នៅតំបន់​ ព្រៃក្រឡាពស់​ ស្រុកសេនសាន​ ខេត្ដស្ទឹងត្រែង​ រួមទាំង​ដកហូត​ដី​ចំនួន​ជាង​ ៧ពាន់​ហិកតា​ មកគ្រប់គ្រងជា​សម្បត្ដិរដ្ឋវិញ។

នេះបេីយោងតាមសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូង កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្ទ្រីជំនាញពាក់ព័ន្ធក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជីវកម្ម ទិញ លក់ យ៉ាងអនាធិបតិយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិ​សាស្ត្រ​ ទឹកដីនៃស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង។​ នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទួលបានលទ្ធផលយ៉ាងជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង៧.០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់ដើរកៀរគរ បោកបញ្ឆោត បងប្អូនប្រជាពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ដោយមេខ្យល់សន្យាថា នឹងលក់ដីទាំងនេះឲ្យក្នុងតម្លៃថោកៗដែលជាសុទ្ធជាដីមានប្លង់ត្រឹមត្រូវ និងដីខ្លះកំពុងរត់ប្លង់ដើម្បីឲ្យបានស្របច្បាប់ ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា នេះគឺជាកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យវិនាសកម្មបាត់បង់នូវព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ។លោកថា បើពុំមានការទប់ស្កាត់ទាន់ពេលវេលាទេនោះ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ទាំងនេះ អាចឈានដល់ការខូចខាតច្រើនជាងនេះ រហូតបាត់បង់ព្រៃឈើជាង១២.០០០ហិកតា​ឯណោះ។

ឆ្លើយតបចំពោះសំនួរអ្នកសារព័ត៌មាន ដែលថា មានប្រភពខ្លះបាននិយាយថា ជុំវិញការចាប់ខ្លួនមេខ្លោងបទល្មើសព្រៃឈើនៅពេលនេះ នឹងមានកិច្ចអន្តរាគមន៍ឲ្យដោះលែងវិញក្នុងឆាប់ៗ តើពិតមែនទេ? ត្រង់ចំណុចនេះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឆ្លើតបថា នេះគ្រាន់ជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ ។តែទោះយ៉ាងណាលោកណ្ឌិតឆ្លើយថា យើងរង់ចាំមើលទាំងអស់គ្នា តើមាននរណាហ៊ានចេញមុខអន្តរាគមន៍ឲ្យដោះលែងជនសង្ស័យជាមេខ្លោងកាប់បំផ្លាញ់ព្រៃឈើទាំងនេះឲ្យនៅក្រៅសំណាញ់ច្បាប់ឬអត់ ?លោកបណ្ឌិតបានបញ្ជាក់បន្តែមដែរថា មិនថាឡើយតែមេខ្លោងទាំង១០រូបដែលចាប់ខ្លួនបាននោះទេ សូម្បីតែមេខ្លោងដែលកំពុងរត់គេចខ្លួន ក៏សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

ដើម្បីទប់ស្កាត់កុំឲ្យមានចលនាមេខ្លោងកៀរគរប្រជាពលរដ្ឋស្លូតត្រង់ឲ្យចាញ់បោកមេខ្យល់ក្នុងរូបភាពដដែលៗបែបនេះ កើតឡើងជាថ្មីម្តងទៀត លោកបណ្ឌិតបញ្ជាក់ថា អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ នឹងចាត់កម្លាំងឲ្យនៅចាំឃ្លាំមើលថែរក្សាការពារតំបន់នេះ មិនឲ្យកើតរឿងបែបនេះសារជាថ្មីម្ដងទៀតនោះទេ ។ហើយចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលចាញ់បោកក្រុមមេខ្យល់ ពួកគាត់បានព្រមទទួលស្គាល់កំហុស ដោយមួយចំនួនបានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតវិញ នឹងមួយចំនួនទៀត អាជ្ញាធរស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ កំពុងដុតដៃដុតជើងធ្វើការស្រង់អត្តសញ្ញាណកម្មឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ ។

សូមបញ្ជាក់ថា ក្រុមការងារបានរំដោះដីព្រៃដែលរងការកាប់ទន្ទ្រានបានជាង៧.០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ និងចាប់ខ្លួនមេខ្លោងបាន១០នាក់ដែលជាខ្មែរ-អ៊ិស្លាម​ និង​បន្ដធ្វេី​ការ​បង្រ្កាប​ និង​រំដោះដី​ដែលជា​សម្បត្តិ​របស់​បន្ថែម​ទៀត​ នៅតាម​តំបន់​នានា​ ក្នុង​ព្រះរាជាណាចក្រ​។

អត្ថបទ​៖​ និន្ទចា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ...

KKKចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា !

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថាជាបំណែកដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាលឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

KKKចំនួនអ្នកទស្សនា: Views

 



(ព្រៃវែង)÷ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថាជាបំណែកដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាលឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះបើតាមប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រៃវែងនារសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថាកិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លី ត្រូវតែមានការឯកភាពចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងមានការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។ ការចុះបញ្ជីដីធ្លី គឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជានិងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្តព្រៃវែងឱ្យគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុងស្របតាមសក្តានុពលរបស់ខេត្តដើម្បីផ្ដល់សុខុមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋ។ ជាមួយនេះឯកឧត្តមសាយ សំអាល់ បានលើកឡើងអំពីសេវាគាប់ចិត្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រៃវែង ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន ម៉ាស៊ីនវាស់វែង ១៥ គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោងLASED III, កុំព្យូទ័រDesktop ២០គ្រឿង, កុំព្យូទ័រLaptop ២គ្រឿង, ម៉ាស៊ីនព្រីនធ័រ A4ចំនួន ៦ គ្រឿង, ម៉ាស៊ីនព្រីនធ័រ A3ចំនួន ៥ គ្រឿង, ម៉ាស៊ីនស្គែន ១១ គ្រឿង, External HDD ៦គ្រឿង និងម៉ាស៊ីនស្គេនQR Code ២គ្រឿងផងដែរ៕







ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ...

KKKចំនួនអ្នកទស្សនា: Views

 



ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ក៏ដូចជាពុទ្ធបរិស័ទ នៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ«គីរីរម្យ» បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានផ្តួចផ្តើម និងបានកសាងកន្លែងវិបស្សនាទំនើប និងមានភាពស្រស់ស្អាតជាទីបំផុត ហើយសាកសមនឹងកន្លែងដែលអ្នកគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៃធម៌របស់ព្រះពុទ្ធព្រះបរមគ្រូនៃយើង។  នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានលើកឡើងថា កន្លែងវិបស្សនា ដែលជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ បានបង្ហាញពីគុណធម៌ ដែលឯកឧត្តម បានផ្តល់ជូនមជ្ឈមណ្ឌល គឺបានជំរុញឱ្យចិត្តស្អាត បរិស្ថានស្អាត គឺមានន័យថាបរិស្ថានផ្លូវចិត្តស្អាត ដោយសារការចម្រើនសមាធិ នាំឱ្យបរិស្ថាននៅក្រៅស្អាត និងធ្វើឱ្យមានសុខុដុមរមនា ក្នុងការចម្រើនព្រះធម៌។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគម្រោងរៀបចំទីតាំងធ្វើសមាធិ និងវិបស្សនា របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យ យោងតាមទស្សនៈ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។

សូមបញ្ជាក់ថា កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិតនិងបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងបានសង់ឡើងជាតង់សម្រាក តាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។

តាមគម្រោងកន្លែងសមាធិ នឹងត្រូវសាងសង់ចំនួន ៥០ទីតាំង ផ្សេងគ្នាជាបន្តបន្ទាប់ ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តឧទ្យានជាតិ«គីរីរម្យ» បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕






ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ».

KKKចំនួនអ្នកទស្សនា: Views

 



កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ដែលជាគោលដៅទេសចរណ៍នាំឱ្យភាពស្អាតក្នុងចិត្ត ភាពស្អាតមកខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ ។

កន្លែងវិបស្សនាថ្មីនេះ គឺជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។

ក្នុងនោះផងដែរ គម្រោងទេសចរណ៍លំហែរបៃតង ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបានផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តបានយកចិត្តទុកដាក់លើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ ឱ្យរកប្រាក់ចំណូលបន្ថែម ព្រមទាំងរក្សាភាពថ្លៃថ្នូរដែលជាទំនៀមទម្លាប់ របស់ប្រជាជាតិពីដូនតាខ្មែរ។

សូមបញ្ជាក់ថា កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិតនិងបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងបានសង់ឡើងមានជាតង់សម្រាក តាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។

បច្ចុប្បន្នគម្រោងបានបញ្ចប់ការសាងសង់ សមាធិចំនួន១០កន្លែង ព្រមទាំងកាំជណ្តើរឡើងភ្ជាប់ទៅទីតាំងទាំងនោះ ដ៏ល្អស្អាតផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារសាងសង់ បន្តយកចិត្តទុកដាក់បង្កើតជាសួនច្បារ ដែលត្រូវដាំដុះផ្កា និងដើមឈើលម្អបន្ថែមទៀត ដើម្បីបង្កើនសោភ័ណភាព និងបរិយាកាសល្អមួយកម្រិតទៀត។ តាមគម្រោងកន្លែងសមាធិ នឹងត្រូវសាងសង់ចំនួន ៥០ទីតាំង ផ្សេងគ្នាជាបន្តបន្ទាប់ ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តឧទ្យានជាតិ«គីរីរម្យ» បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្យល់អកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕










ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជំរុញការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត...

KKKចំនួនអ្នកទស្សនា: Views

 



រាជរដ្ឋាភិបាលបានផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៨៩ តាមរយៈគោលនយោបាយយុទ្ធសាស្រ្តត្រីកោណ ចតុកោណ និងបច្ចុប្បន្នគឺយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអទិភាពគន្លឹះគឺ ការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងឆ្ពោះទៅការផ្តល់សេវាគាប់ចិត្ត។ ដើម្បីឱ្យគោលនយោបាយនេះសម្រេចជោគជ័យ ត្រូវឈរលើស្មារតី សាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានទាំងមន្រ្តីជាអ្នកប្រតិបត្តិ និងការគាំទ្រពីប្រជាជន។ 

លើសពីនេះត្រូវចូលរួមជំរុញការរៀបចំប្លង់គោលក្នុងខេត្ត និងនៅតាមបណ្តាខេត្តដែលពុំទាន់មាន សម្រាប់រៀបចំក្រុង ផ្ទះសម្បែង ដីបង្កបង្កើនផល និងលំហសាធារណៈនានា ស្របតាមសក្កានុពលដើម្បីអភិវឌ្ឍន៍ខេត្តរបស់យើង។ 

ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា។

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC








ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា...

KKKចំនួនអ្នកទស្សនា: Views

 



———————————————-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។

ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

នេះជាប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរដ.ន.ស.ស. ខេត្តសៀមរាប នាព្រឹឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។​ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់





ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..

KKKចំនួនអ្នកទស្សនា: Views

 






ខេត្តត្បូងឃ្មុំ÷ នៅសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម​ ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន  និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ,ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ  និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកអូររាំងឪ  អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដែលប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុង​សួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់ មន្ត្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ត្រីថ្នាក់ដឹកនាំខេត្ដ​ និងសាលាស្រុកអូរាំងឪ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន​ សសយក​ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនបានមក​ពី​គ្រប់​ទិសទី​។

ក្នុងនោះដែរ​ ឯកឧត្តម ង៉ូវ បូរីណា បានអញ្ជើញដឹកនាំចូលរួម​ ពិធី​ពូនភ្នំខ្សាច់ និងស្រង់ទឹកព្រះ ព្រមទាំង​លេងល្បែងប្រជាប្រិយ​ ទាញព្រ័ត និងវាយក្អម និងបន្តទៅទស្សនាកីឡាបាល់ទះផងដែរ។

គូសបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ​ ឆ្នាំ​២០២៤​ ដែល​ប្រារព្ធ​រយៈពេល ៥ថ្ងៃ​ ឃេីញ​មានប្រជាពលរដ្ឋ​ និងភ្ញៀវ​ទេសចរណ៍​ជាតិ និងអន្តរជាតិចូល​រួម​កម្សាន្តយ៉ាងច្រេីន​កុះករ​ សរុបប្រមាណ​ ១០៣,០០០​ នាក់​ សម្រាប់​ ថ្ងៃ​ទី​១២​ មេសា​ ១២,៥០០នាក់​ ថ្ងៃ​ទី​១៣​ មេសា​ ១៧,៥០០នាក់​ ថ្ងៃ​ទី​១៤​ មេសា​ ២១,៥០០​ នាក់
ថ្ងៃ​ទី​១៥​ មេសា​ ២៥,៥០០​ នាក់​ និងថ្ងៃ​ទី​១៦​ មេសា​ ២៦,០០០​ នាក់

ឯកឧត្តម បានមានប្រសាសន៍ទៀតថា សង្ក្រាន្តគឺជាពិធីបុណ្យប្រពៃណីជាតិ ដ៏សារៈសំខាន់សម្រាប់ជនជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក តែងមានទំនៀមទម្លាប់ជួបជុំគ្នាដើម្បីសំដែងនូវរបាំ និងលេងល្បែងប្រជាប្រិយ៍នានាជាច្រើនដើម្បីកំសាន្តសប្បាយ ប្រកបដោយសាមគ្គីភាព និងភាតរៈភាពមិនដែលអាក់ខានឡើយ ជាពិសេសដើម្បីលើកស្ទួយពីវប្បធម៌ប្រពៃណីជាតិខ្មែររបស់ប្រទេសកម្ពុជា ឲ្យទូលំទូលាយលើឆាកអន្តរជាតិ។

ចុងបញ្ចប់ឯកឧត្តមបានប្រគល់ប័ណ្ណសរសើរដល់ក្រុមការងារដែលបានរៀបចំកម្មវិធីសង្ក្រាន្តអូររាំងឪ រួមនឹងកីឡាករបាល់ទះដែលបានទទួលជ័យលាភីលេខ ១ លេខ២ និងលេខ៣ ផងដែរ។









 
kkk